ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប កំពុងល្បីរឿងអាស្រូវ ពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:45 ព្រឹក អ្នកអាន 2082

 ភ្នំពេញ៖ថ្មីៗនេះមានការបែកធ្លាយរឿងអាស្រូវរបស់លោកមាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ជាបន្តបន្ទាប់តាមរយះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សាយលាតត្រដាង ពីការដឹកនាំមន្ទីរ របស់លោកមាស ជូរ៉ានី។

ការបែកធ្លាយសុះសាយរឿងភាពមិនប្រក្រតី របស់លោកមាស ជូរ៉ានី គឺតាមរយះមិនយកចិត្តទុកដាក់ ទប់ស្កាត់ការ
ធ្វើអាជីវកម្មរណ្ដៅដីធំៗនិងជ្រៅៗច្រើនកន្លែងក្នុងក្រុងសៀមរាប និងបណ្ដាស្រុកមួយចំនួន ដែលទំនងគ្មានច្បាប់អនុញ្ញាត
ឬអាចមានការឃុបឃិតបើកដៃឬក៏អាចជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក។

ប្រភពបានឲ្យដឹងទៀតថា ទំនងបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក មាស ជូរ៉ានី ទេនោះគឺគ្មានឈ្មួញណាអាចជីករណ្ដៅដីទំហំធំៗនិងមានជម្រៅជ្រៅៗដូចសព្វថ្ងៃនេះទេ។ ការដែលលោក មាស ជូរ៉ានី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះ ទំនងអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរ៉ែនិងថាមពលផងដែរ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានឈ្មួញជីករណ្ដៅដីដ៏ធំនិងមានជម្រៅជ្រៅដល់ក្បាលប្រេត ប៉ុន្តែមិនឃើញមន្ត្រីអាជ្ញាធរ ក៏ដូចជាមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញចៅសង្កាត់ស្រង៉ែ និងលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញជីករណ្ដៅដីមានទំហំធំនិងជ្រៅនៅក្នុងសង្កាត់ស្រង៉ែ ហើយប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មបំផ្លាញផ្លូវយ៉ាងរលូនតែម្តង។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មួញដែលធ្វើអាជីវកម្មរណ្ដៅដីក្នុងមូលដ្ឋានពួកគាត់ គឺជាឈ្មួញដែលល្បីខាងរកស៊ីជីករណ្ដៅដីកាយអាចម៍ដីលក់ច្រើនឆ្នាំមកហើយមិនដែលមាននរណាហ៊ានប៉ះពាល់នោះទេ។ ជាក់ស្ដែងអាជីវកម្មរណ្ដៅដីដែលមានទំហំធំនិងជ្រៅនៅក្នុងសង្កាត់ស្រង៉ែ ខាងលិចវត្តចេតិយ៏ ក្រុងសៀមរាប ដោយគ្មានញញើតអ្វីទាំងអស់។

ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប ពិនិត្យឡើងវិញជាបន្ទាន់ព្រោះការដែលឈ្មួញហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ដែលទំនងមានការឃុបឃិតបើកដៃពីសំណាក់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ផងដែរ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ក៏បានអំពាវនាវផងដែរឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពិនិត្យឡើងវិញចំពោះទង្វើមិនប្រក្រតីរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ជាបន្ទាន់។ ដោយហេតុថារណ្ដៅដីដែលមានទំហំធំៗនិងមានជម្រៅដល់ក្បាលប្រេតមិនមែនកើតឡើងតែនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ប៉ុណ្ណោះទេគឺនៅតាមបណ្ដាស្រុកមួយចំនួនក៏មានដូចគ្នាដែរ។

អភិបាល ខេត្តសៀមរាប លោកទៀ សីហា បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា លោកនឹងចាត់វិធានការរឿងនេះ។ដូច្នេះពលរដ្ឋនៅខេត្តសៀមរាប កំពុងរងចាំមើលវិធានការលោកអភិបាលខេត្ត មានចំណាត់ការបែបណាទៅលើប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប ដែលអសមត្ថភាព ក្នុងការដឹកនាំមន្ទីរនោះ។

ករណីនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពី លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បាននៅឡើយទេ។ ប៉ុន្តែលោកធ្លាប់បានប្រាប់កាសែតរស្មីកម្ពុជា ប្រាប់តាមទូរសព្ទ័ថាលោកនៅមិនទាន់បានដឹងនោះទេ តែលោកនឹងចាត់ឲ្យមន្ត្រីចុះទៅមើល។ លោកប្រធានមន្ទីរនៅមិនទាន់ហ៊ានបញ្ជាក់ថារណ្តៅដីទាំងនោះជារបស់ថៅកែរូបណានៅឡើយទេ។ចំណែកថាពួកគេមានច្បាប់អនុញាតពីត្រឹមកំរិតណាក៏លោកសុំមិនទាន់ឆ្លើយបានដែរព្រោះរង់ចាំមន្ត្រីចុះពិនិត្យសិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,920 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,937 នាក់