ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ កិច្ចការបរទេស គឺជារឿងដ៏សំខាន់ ក្នុងការពង្រីក ទំនាក់ទំនង ទៅកាន់ឆាកអន្តរជាតិ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 534

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថាកិច្ចការបរទេស គឺជារឿងដ៏សំខាន់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។

នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើឡើងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយបណ្ដាប្រទេសនានា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីទទួលបានផលប្រយោជន៍រួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
ថ្លែងនេះនាពេលអញ្ជើញវត្តមាន ក្នុងពិធីបិទសន្និបាត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកមិញនេះ។

សន្និបាតនេះមានរយៈពេល ២ថ្ងៃកន្លងមកហើយ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ក៏ដូចជា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ កម្ពុជាបច្ចុប្បន្នមានទំនាក់ទំនងការទូតជាមួយប្រទេសជាមិត្ដចំនួន ១៧២ ប្រទេស និងមានស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសសរុបចំនួន ៦០។

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសនេះ គឺជាកាលានុវត្តភាពសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិនសំខាន់ៗ លើបញ្ហាជាសារវ័ន្តពាក់ព័ន្ធនឹង “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា” “ការជំរុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌” និង “ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ” ដែលនឹងលើកកម្ពស់បន្ថែមទៀតដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៊ីជម្រៅកម្រិតវិភាគ និងការយល់ដឹងទូលំទូលាយដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,344 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,361 នាក់