ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ ប្រកាសថា កាន់អំណាច ១០ឆ្នាំទៀត ដើម្បីរួមសុខរួមទុក្ខ ជាមួយបងប្អូនធាក់ស៊ីក្លូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 06:15 ល្ងាច អ្នកអាន 409

 សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តធ្វើជា នាយករដ្ឋមន្ត្រីក្នុងរយៈពេល១០ ឆ្នាំទៀត ដើម្បីរួមសុខរួមទុក្ខ ជាមួយបងប្អូនកូនក្មួយធាក់ស៊ីក្លូ មូលនិធិស៊ីក្លូ។

សម្តេច បានប្រកាសបញ្ជាក់ថា ក្នុងនាម ជានាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃមូលនិធិស៊ីក្លូ គឺសូមបងកូនប្អូនកូនក្មួយ ដែលជាអ្នកធាក់ស៊ីក្លូទាំងត្រូវអស់ ត្រូវជឿជាក់ទៅលើអ្វីដែលជាការប្ដេជ្ញាចិត្តរួមគ្នារបស់យើង។

សម្តេច បានមានប្រសាសន៍ថា ចាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក សម្តេចតេជោបានធ្វើកិច្ចការមនុស្សធម៌យ៉ាងច្រើនជាបន្តបន្ទាប់មិនមែនធ្វើតែមួយរយៈខ្លីនោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា យើងត្រូវតែបន្តការងារនេះឲ្យបានល្អ ដោយមិនទុកឲ្យអ្នកណាម្នាក់នៅឃ្លាតឆ្ងាយពីយើងនោះទេ។

ការអះអាងនេះ នាពេលបានអញ្ជើញ សំណេះសំណាល និងពិសារអាហារជាមួយបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ៣២០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកមិញនេះ។

សូមរំលឹកថា សម្តេច ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធិត្រីចក្រយាន» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីដើមឆ្នាំ ២០១៨ ដែល សម្តេច ផ្ទាល់និងក្រុមគ្រួសារបានឧបត្ថម្ភថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយសម្តេចធ្វើអំណោយថវិកា ២ម៉ឺនដុល្លារ ក្នុងមួយខែៗដល់មូលនិធិថែមទៀតផង។

មូលនិធិស៊ីក្លូ បានផ្តល់ថវិកាឧបត្ថម្ភប្រមាណ ៧,០០០រៀល ក្នុងមួយថ្ងៃ (៥,០០០ រៀលសម្រាប់អាហារ និង២,០០០រៀល សម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ ដល់អ្នកធាក់ស៊ីក្លូ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនជារៀងរាល់ ១០ថ្ងៃម្តង តាមប្រព័ន្ធវីង (Wing)។ តាមរយៈមូលនិធិ គឺជួយដោះស្រាយភាពលំបាកមួយចំនួនធំរបស់បងប្អូនប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យលុយកាក់ដែលពួកគាត់រកបានពីរបរធាក់ស៊ីក្លូបាននៅសល់សម្រាប់បន្ថែមលើការចំណាយផ្សេងៗដើម្បីទ្រទ្រង់ជីវភាពអោយកាន់តែប្រសើរឡើង។ បើទោះបីជាគាត់រកប្រាក់មិនបាន ក៏គង់នៅមានលុយហូបបាយ និងលុយបង់អោយថ្លៃជួលស៊ីក្លូគេដែរ។

សម្តេចបានអរគុណដល់ក្រុមហ៊ុនថ្មដា ដែលបានស្ម័គ្រចិត្តបិរិច្ចាគ ៧ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗដល់មូលនិធិស៊ីក្លូ។ ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ គឺនឹងប្រើសម្រាប់តែជួយដល់បងប្អូនកូនក្មួយអ្នកធាក់ស៊ីក្លូ។ទន្ទឹមនឹងនេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ ក៏បានទទួលនូវការធានារ៉ាបរងមួយផ្នែកនៃកិច្ចគាំពារសង្គម ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ឬអាចនិយាយបានថា ជាអាទិភាពនយោបាយ ហ៊ុន សែន នៅក្នុងគោនយោបាយថ្មីលើវិស័យសង្គម។

សម្តេច ហ៊ុន សែន បានបញ្ជាក់ផងដែលថា សព្វថ្ងៃនេះ ស៊ីក្លូបានកែប្រែហ្វ្រាំងពីខាងមុខមកក្រោយ ងាយស្រួលចាប់ ដើម្បីអោយមានសុវត្ថិភាពកាន់តែល្អជាងមុន ដែលមិនបង្កឱ្យមានគ្រោះថ្នាក់សម្រាប់អ្នកជិះ និងអ្នកធាក់ និងសាធារណៈជនផងដែរ។

ពិនិត្យទៅលើប្រាក់ចំនូលដែលបងប្អូនទទួលបានគឺ ៧,០០០រៀល ក្នុង១ថ្ងៃ។ ប៉ុន្តែបើ ១០ ថ្ងៃ គឺបងប្អូនយើងបើកបាន ២១ម៉ឺនរៀល ហើយបើគិតជាឆ្នាំវិញបានគឺបើកបាន ២,៥០០,០០០ (ជាង២លានរៀល) រៀលក្នុងមួយឆ្នាំៗ បូកជាមួយប្រាក់ឧបត្ថមពេលចូលឆ្នាំ ពេលភ្ញុំបិណ្ឌ និងសម្លៀកបំពាក់ដែលបានផ្តល់បើគិតជាដុល្លាវិញគឺប្រមាណ ៦០០ ដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ។
ថ្

ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧបត្ថមដល់បងប្អូនអ្នកធាក់ស៊ីក្លូ ចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន អាវភ្លៀង ១, មុង ១, មី១កេះ, អង្ករ ៣០គីឡូក្រាម និងថវិការ២០ម៉ឺនរៀល ព្រមទាំងថវិកា ៥ម៉ឺនរៀលទៀត សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា មូលនិធិស៊ីក្លូនេះ គឺមិនគ្រាន់តែឧបត្ថម្ភមួយថ្ងៃ ៧,០០០ រៀលប៉ុណ្ណោះទេ ប៉ុន្តែមូលនិធិនេះនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់បងប្អូននៅពេលទទួលមរណៈភាពគឺបានទទួលប្រមាណ ១,០៥០,០០០ រៀលទៀតផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,163 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,001 នាក់