ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទៀ សីហា ស្នើឲ្យបញ្ឍប់ សកម្មភាព កាប់បំផ្លាញ ព្រៃឈើ នៅភ្នំគូលែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:33 ល្ងាច អ្នកអាន 3973

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាល ខេត្តសៀមរាប បានស្នើដល់ប្រជាពលរដ្ឋ នៅលើ ខ្នងភ្នំគូលែន ត្រូវបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និង ការធ្វើស្រែចំការពនាចរ ដែលនាំឲ្យបាត់បង់ ធនធានធម្មជាតិ។

លោក ទៀ សីហា បានបញ្ជាក់ថា បទល្មើសនៃការកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើជាកម្មសិទ្ធនៅលើខ្នងភ្នំគូលែន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ ធម្មជាតិ និង ការប្រែប្រួលអាកាសធាតុ ព្រមទាំងបាត់បង់នូវប្រភពទឹកទៀតផង ។ ម៉្យាងទៀតព្រៃឈើនៅលើខ្នងភ្នំគូលែន មានកត្តា សំខាន់បំផុត ក្នុងការចិញ្ចឹមប្រជាជនទាំងនៅខ្នងភ្នំ និង ក្រុងសៀមរាប ។

អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង ក្រុមមន្ត្រីអភិរក្សបរិស្ថាន ដែលមានភារកិច្ចនៅលើខ្នងភ្នំគូលែន ត្រូវបង្កើនយកចិត្តទុកដាក់ ខ្ពស់ ក្នុងការទប់ស្កាត់នូវរាល់បទល្មើស ការកាប់បំផ្លាញព្រៃឈើនៅលើខ្នងភ្នំ ដែលនាំឲ្យបាត់បង់នូវប្រភពទឹកនិង ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។
ការអះអាងអភិបាលខេត្តសៀមរាប យ៉ាងដូច្នេះ នាពេលចុះជួបសំណេះសំណាល និង ចែកនូវសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាចំនួន៤ នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី៩មីនាម្សិលមិញ នៅក្នុងបរិវេណវត្តសិរីមង្គលរាម ហៅវត្តអន្លង់ធំភ្នំគូលែននិងមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា។

ឆ្លៀតនាឱកាសនោះដែរអភិបាលខេត្តនិង លោកជំទាវ បាននាំយកនូវសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្ស ចំនួន ៥៩២ នាក់ នូវសម្ពៀតដាក់សម្ភារៈសិក្សា ម្នាក់ៗ កាបូបស្ពាយមួយ ព្រមទាំងអាហារសម្រន់១កញ្ចប់។ លោក ជំទាវ ក៏បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកគ្រូ សម្ពត់ផាមូង ១ដុំ អាវយឺត១ ថវិកា ៥ម៉ឺនរៀល លោកគ្រូ ការបូបស្ពាយ ១ អាវយឺត ១ ថវិកា៥ម៉ឺនរៀល និង មាតាបិតា អាណាព្យាបាលសិស្សដែលបានចូលរួម ម្នាក់ៗ សារុង ១ផងដែរ។

គួបញ្ជាក់ថាកន្លងទៅសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅលើខ្នងភ្នំគូលែន បានកើតមានយ៉ាងរាលដាល តាំងពីអណត្តិអភិបាលខេត្តមុនៗមក ដោយមន្ត្រីបរិស្ថានមានតួនាទីការពារនៅតំបន់នោះ ហាក់បីមិនទាន់មានការរឹតបណ្តឹងឲ្យបានម៉ត់ចត់នៅឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 55,750 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,629 នាក់