ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា អាចនឹងបង្កើតច្បាប់ កាត់ទោសប្រហារជីវិត ឬដាក់ទោសអស់មួយជីវិត អ្នករំលោភ មកលើកូនខ្លួនឯង ចៅខ្លួនឯង និងក្មួយខ្លួនឯង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:51 ព្រឹក អ្នកអាន 319

សម្តេច ហ៊ុន សែន បានអះអាងថា មានគម្រោងស្នើសុំធ្វើប្រជាមតិ ដើម្បីឈានទៅរកការកែសម្រួលនិងបង្កើតច្បាប់ក្នុងការកាត់ទោសឧក្រិដ្ឋជនទាំងនោះដោយទោសប្រហារជីវិត ឬដាក់ទោសអស់មួយជីវិត។

សម្តេចតេជោ មានការឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់ជាពិសេសពីសំណាក់បុគ្គលជា ឪពុក ជីតា ឪពុកមារ ដែលបានប្រព្រឹត្តិរំលោភបំពានផ្លូវភេទមកលើកូនខ្លួនឯង ចៅខ្លួនឯង និងក្មួយខ្លួនឯង ដូចដែលចៅៗបានឡើងចែករំលែកអំពីប្រវត្តិរឿងពិតដែលបានកើតឡើងចំពោះពួកគេ។

សម្តេចតេជោ បានសន្យាជាមួយចៅៗថា ចាប់ពីពេលនេះទៅ គឺសម្តេចមិនអោយចៅៗកំព្រារងគ្រោះទាំងអស់នៅទីនេះព្រួយបារម្ភពីការអត់ជម្រកស្នាក់នៅឡើយ។

សម្តេចតេជោបានសន្យានឹងបន្តដល់មឈ្ឈមណ្ឌលដូចខាងក្រោម៖១)ចៅៗទាំងអស់នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុង១នាក់ទទួលបាន ១០ម៉ឺនរៀល ដើម្បីចៅៗអាចទិញជារបស់របរអ្វីដែលចៅៗចង់បាន។ ថ្ងៃនេះចៅៗនឹងទទួលបានប្រាក់អំណោយ ១០ម៉ឺនរៀលថែមទៀតពីសម្តេចទាំងទ្វេ។
២)ផ្តល់របបសន្តិសុខសង្គមសម្រាប់ចៅៗពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃ។
៣)ផ្តល់អោយបុគ្គលិកចំនួន ៣២ នាក់នៅមណ្ឌលនេះអោយមានក្របខ័ណ្ឌនៅក្នុងរាជរដ្ឋាភិបាល ដែលទទួលបានប្រាក់ខែជាមន្រ្តីរាជការ បន្ថែមពីលើប្រាក់ខែដែលទទួលបានពីអង្គការនេះ។
៤)ផ្តល់រថយន្ត១គ្រឿងសម្រាប់កម្មវិធីកុមារ។
៥)ផ្តល់អង្ករ ១២០០ គីឡូ និងថវិកា ១០លានរៀល ដល់មណ្ឌលជារៀងរាល់ខែ។
៦)ចំពោះចៅៗដែលប្រឡងជាប់បាក់ឌុប គឺនឹងទទួលបានអាហាររូបករណ៍ពីសម្តេចទាំងទ្វេ។ ប៉ុន្តែចៅៗត្រូវសន្យាថាប្រឡងអោយជាប់ថ្នាក់ទី១២។
នៅក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុរសជនបានផ្តល់អំណោយជាអគារចំនួន ១១អាគារ។ អគារសិក្សា និងអគារស្នាក់នៅ ១ខ្នង ៣ជាន់ ២៤បន្ទប់ មានផ្លូវបេតុងក្នុងបរិវេណសាលា របង ខ្លោងទ្វារ និងដងទងជាតិ។ ចំពោះ ជាន់ទី១ និងទី២ សម្រាប់ឲ្យចៅៗស្នាក់នៅ និងជាន់ទី៣ជាថ្នាក់រៀន ។


ការថ្លែងបញ្ជាក់នេះនាពេលអញ្ជើញចុះសួរសុខទុក្ខចៅៗកុមារកំព្រា ៨៩ នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី (នារីរងគ្រោះទី១) ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកមិញនេះ បន្ទាប់ពីសម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះទៅម្តងរួចមកហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភបំពានផ្លូវភេទ។
ការអញ្ជើញរបស់ សម្តេចទាំងទ្វេ មកជួបចៅៗដោយផ្ទាល់ថ្ងៃនេះ គឺមជ្ឈមណ្ឌលបានរង់ចាំអស់រយៈពេលជាង២៥ឆ្នាំមកហើយ។ ទោះបីយូរបន្តិចមែន ប៉ុន្តែសម្តេចទាំងទ្វេបានអញ្ជើញចុះមកព្រឹកនេះ គឺជាបង្អែកដ៏រឹងមាំដើម្បីជួយចៅៗកំព្រាអោយមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ទោះបីមណ្ឌលនេះអត់មានជំនួយពីបរទេសក៏ដោយ។ មជ្ឈមណ្ឌលកុមាកំព្រានេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗចំនួន ៨៩នាក់។

មជ្ឈមណ្ឌល នេះបានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ដែមានចក្ខុវិស័យជួយដល់យុវនារី និងកុមារីជនរងគ្រោះ ងាយរងគ្រោះដោយការកេងប្រវញ្ច័ ជួញដូរ និងរំលោភបំពានផ្លូវភេទដែលក្នុងនោះមានកម្មវិធីមួយចំនួនដូចជាៈ
១)កម្មវិធីស្តារនីតិសម្បទា: គឺផ្តល់ជម្រកស្នាក់នៅ អាហារប្រចាំថ្ងៃ ពិនិត្យសុខភាពទូទៅ ថែទាំអប់រំផ្លូវចិត្ត និងជំនួយផ្នែកច្បាប់។
២)កម្មវិធីអប់រំ និងបណ្តុះបណ្តាល: ជួយអោយកុមារទទួលបានការសិក្សាអប់រំក្នុង និងក្រៅប្រព័ន្ធរួមទាំងជំនាញ ភាសាអង់គ្លេស កំព្យទ័រ និងមួយចំនួនបានទៅសិក្សានៅឧត្តមសិក្សាទៀតផង។
៣)កម្មវិធីលើកកំពស់សេដ្ឋកិច្ច និងសមាហរណកម្ម: ដឹកនាំកុមារទៅលេងក្រុមគ្រួសារ និងធ្វើសមាហរណកម្មកុមាវិលទៅរស់នៅជួបជុំក្រុមគ្រួសារវិញ និងឧបត្ថម្ភថវិកាសម្រាប់បង្កើតមុខរបរខ្នាតតូច និងផ្តល់ការងារសមស្របនានាដល់កុមារផងដែរ។
៤)កម្មវិធីក្រុមគោលដៅ( សង្គមសង្រ្គោះ) : ចុះអប់រំតាមទីតាំងកំសាន្តសប្បាយដូចជា នៅភ្នំពេញ និងសៀមរាប អំពីអនាម័យ ការប្រើប្រាស់ស្រោមអនាម័យ និងការថែទាំសុខភាពស្រ្តីទូទៅជាដើម។

សម្តេច ហ៊ុន សែន បានបញ្ជាក់ផងដែរថា សម្តេចបានរៀបចំជួលផ្ទះផ្សេងអោយចៅៗស្នាក់នៅបណ្តោះអាសន្នសិន ទម្រាំការសាងសង់អាគារថ្មីបានសង់រួចជាស្ថាពរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,396 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,862 នាក់