ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អំពាវនាវ ឲ្យនិស្សិតស្រី នៅបន្តការ សិក្សាឲ្យបាន រយៈពេលវែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:09 ព្រឹក អ្នកអាន 625

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កត់សំគាល់ពីបញ្ហាយ៉េនឌ័រ (Gender) ដោយក្នុងនោះនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ចំនួនសិស្សស្រីនៅកម្រិតថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់បរិញ្ញាបត្រ មានចំនួនច្រើនជាងបុរស។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលពួកគេត្រូវបន្តការសិក្សានៅថ្នាក់អនុបណ្ឌិត និងបណ្ឌិតវិញ ចំនួននិស្សិតស្រីមានការធ្លាក់ចុះទៅវិញ។

ដូច្នេះត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រី បានអំពាវនាវ ក៏ដូចជាសំណូមពរឲ្យនិស្សិតស្រីនៅបន្តការសិក្សាអោយបានរយៈពេលវែង ជាពិសេស អាណាព្យាបាល ឬបុរសជាប្តី គួរតែផ្តល់ឱកាសដល់កូនស្រី និងដល់ប្រពន្ធរបស់ខ្លួនអាចបន្តការសិក្សាឲ្យបានច្រើន ដើម្បីអោយគេមានលទ្ធភាពទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ទូលំទូលាយ និងឱកាសទទួលបានការងារល្អៗនាពេលខាងមុខ។

ការអំពាវនាវ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ នាពេល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES)ចំនួនសរុប ៣,០៤៣នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់ ក្នុងនោះក៏មាននិស្សិតអាហាររូបករណ៍នាយករដ្ឋមន្ត្រីនិងភរិយាចំនួន ៣៩ នាក់ផងដែរ ដែលពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

នៅក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ព្រះសង្ឃដែលបានបញ្ចប់ការសិក្សា ដោយ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ទោះបី សម្តេច គាំទ្រនិងជំរុញអោយនិស្សិតបន្តការសិក្សាកាន់តែខ្ពស់ទៅមុខ ប៉ុន្តែនោះជាជម្រើសផ្ទាល់ខ្លួនរបស់និស្សិតម្នាក់ៗ រួមទាំងព្រះសង្ឃផង ព្រោះប្រទេសជាតិបានផ្តល់ឱកាស និងសិទ្ឋិសេរីភាពពេញលេញទូលាំទូលាយតាមបែបលទ្ឋិប្រជាធិបតេយ្យ ដែលពលរដ្ឋម្នាក់ៗមានសិទ្ឋិក្នុងការសម្រេចចិត្តជ្រើសរើស ដោយគ្មានការកៀបសង្កត់ឡើយ ទោះបីចង់បន្តកាសិក្សា ឬចង់លាចាកសិក្ខាបទមានប្រពន្ឋ ឬបន្តជាព្រះសង្ឃបូជាចំពោះព្រះពុទ្ឋសាសនានោះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,476 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,493 នាក់