ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយ ខេត្តបាត់ដំបង ដែលទើបមកថ្មី កំពុងល្បីរឿងអាស្រូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 403

ភ្នំពេញ៖លោកយូ ហេង អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ ដែលទើបនឹងផ្លាស់មកកាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង ជំនួសលោកឈុន សុភមង្គល បានកំពុងតែល្បីល្បាញរឿងអាស្រូវជាថ្មី តាមរយះបណ្ដាញសារព័ត៌មានបានធ្វើការផ្សព្វផ្សាយអំពីភាពមិនប្រក្រតី ទំនងបានឃុបឃិតគ្នាជាមួយមន្ត្រីគយរបស់ខ្លួនដែលឈជើងតាមច្រកព្រំដែន កម្ពុជា ថៃ ដែលអាចបើកដៃឲ្យឈ្មួញនាំទំនិញចូលពីប្រទេសថៃ មកកម្ពុជា យ៉ាងពេញបន្ទុក។ ដែលទំនិញទាំងនោះ ទំនងបង់ពន្ធមិនត្រឹមត្រូវ។

យោងការរបស់ព័ត៌មាន តាមប្រព័ន្ធអេឡិចត្រនិច បានផ្សាយថាលោក យូ ហេង អាចយកបទពិសោធន៍ កាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ មកអនុវត្តន៍ក្នុងពេលកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ដោយទំនងតាមរយៈឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។

ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យទង្វើមិនប្រក្រតីរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ផងទាន។

លោក យូ ហេង ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក យូ ហេង មិនទាន់ចាត់វិធានការកែទម្រង់ដើម្បីលុបបំបាត់ភាពមិនប្រក្រតីនៅឡើយទេ ហើយមន្ត្រីគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក អាចអ្នកឃុបឃិតគ្នា នាំឲ្យមានអំពើរត់ពន្ធផងដែរ។

យោងតាមប្រភពដដែលបន្តថាក្នុងនោះការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

គួបញ្ជាក់ថា កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរំលាយចោលនូវ មន្ត្រីឈរជើងតាមច្រកព្រំដែនទាំងអស់ ដោយទុកតែស្ថាប័ន នគរបាលអន្តោប្រវេសន៍និងស្ថាប័នគយ តែប៉ុណ្ណោះ។ ដូច្នេះស្ថាប័នគយ នៅតាមច្រកទាំងអស់អាចកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក យូ ហេង ប្រធានសាខាគយ ខេត្តបាត់ដំបង បាននៅឡើយទេ ជុំវិញបាតុភាពនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,087 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,553 នាក់