ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

វៀតណាម ថា នឹងផ្ដល់អាហារូបករណ៍ ដល់កម្ពុជា ចំនួន៤រូប សម្រាប់សិក្សា លើប្រព័ន្ធអេឡិចត្រូនិច ICT

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:05 ល្ងាច អ្នកអាន 181

នៅរសៀលថ្ងៃមិញនេះ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

លោក Nguyen បានគោរពជម្រាបជូននាយករដ្ឋមន្រ្តីថា នេះជាលើកទីមួយហើយដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកបានត្រូវតែងតាំងជារដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍នៃប្រទេសវៀតណាម។ ដោយលោកលើកឡើងពីវឌ្ឍនភាពនៃវិស័យទូរគមនាគមន៍ប្រទេសវៀតណាម ដែលប៉ុន្មានឆ្នាំកន្លងមកនេះវៀតណាមបានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន នោះគឺជាបច្ចេកវិទ្យាដែលអាចតាមដាន ពួក Hacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

ជាងនេះទៅទៀត លោកក៏បានគោរពជម្រាបនាយករដ្ឋមន្ត្រី ផងដែរ អំពីកិច្ចពិភាក្សារវាងលោកផ្ទាល់ជាមួយនិងលោកត្រាំ អ៊ីវ តឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជាពាក់ព័ន្ធនឹងបញ្ហា E-Goverment និង ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច(Ecommerce)ក៏ដូចជាទីក្រុងឆ្លាតវៃ ហើយក៏បានយល់ស្រប ជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ លោក Nguyen ក៏បានជម្រាបជូននាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន ៤រូបសម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT។

នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសវៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបានពិភាក្សា និងការព្រមព្រៀងគ្នាជាមួយលោក ត្រាំអ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់សូមឲ្យភាគីទាំងពីរធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យានិងព័ត៌មានគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្សព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជាក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាICT៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,372 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,838 នាក់