ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមមន្ត្រីសង្កាត់ជ្រាវ បដិសេធ ព័ត៌មាន បង្ហោះតាម Facebook

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:44 ល្ងាច អ្នកអាន 3061

 ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានសង្កាត់ជ្រាវនិងប្រធានសហគមន៍ បានធ្វើការបដិសេធ ច្រានចោលនូវព័ត៌មានដែលផ្សាយតាម Facebook ថា ការកាយដីក្នុងបាតបារាយណ៍សិប្បនិម្មិត គឺជាការឃុបឃិតលក់ដីដើម្បីចែកលុយគ្នាតែប៉ុណ្ណោះ។

ការបដិសេធបែបនេះគឺ បន្ទាប់ពីមានការផ្សព្វផ្សាយតាមប្រពន្ធ័បណ្តាញសង្គម Facebook ដោយលើកហេតុផលផ្សេងៗ។ អ្នកខ្លះលើកឡើងថា ការកាយដីបាតបារាយណ៍សិប្បនិម្មិត ឬហៅថាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដែលស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាការឃុបឃិតដើម្បីលក់អាចម៏ដីចែកលុយគ្នាតែប៉ុណ្ណោះ។ ឯខ្លះទៀតលើកឡើងថា បារាយណ៍សិប្បនិម្មិតដែលអាជ្ញាធរសង្កាត់ជ្រាវ និងប្រធានសហគមន៏ប្រើប្រាស់ទំនប់ទឹកជ្រាវ កំពុងធ្វើនេះ គឺជាការបំភ័ន្តភ្នែកថ្នាក់លើ បំភ័ន្តភ្នែកក្រសួងនិងមន្ទីរពាក់ពន្ធ័ប៉ុណ្ណោះ។ផ្ទុយទៅវិញវាគ្រាន់តែជាគម្រោងក្លែងក្លាយ ហើយស្វែងរកផលប្រយោជន៍មកចែកគ្នា។ ចំណែកឯមួយចំនួនទៀត បានលើកឡើងថា បើគម្រោងធ្វើបារាយណ៍សិប្បនិម្មិតនេះ ជាការផ្តល់សិទ្ធពីសម្តេចសង្ឃរាជទេព វង្ស មកលើចៅសង្កាត់និងប្រធានសហគមន៍ ចុះហេតុអីក៏សមាជិកក្រុមប្រឹក្សាសង្កាត់ ជាអ្នកចាត់ចែងគ្រប់គ្រងលើគម្រោងទាំងស្រុងទៅវិញ?។ តើអ្នកដែលមានអំណាចចាត់ចែង នៅត្រឹមតែសមាជិកក្រុមប្រឹក្សាសង្កាត់នោះទេ? ឬក៏អ្នកទាំងនេះ ត្រឹមតែយកឈ្មោះសម្តេចសង្ឃរាជទេព វង្ស មកប្រើប្រាស់ដើម្បីឃុបឃិតគ្នា?។

សកម្មភាពកាយដីនៅក្នុងគម្រោង បារាយណ៍សិប្បនិម្មិតមួយរយៈនេះ ក្រុមអ្នកលេង Facebookបានបង្ហោះសារពីការរិះគន់យ៉ាងខ្លាំង ពិសេសអំពីសកម្មភាពគ្រប់គ្រងគម្រោងទាំងស្រុង របស់សមាជិកក្រុមប្រឹក្សាសង្កាត់។

ក្រោយមានការបង្ហោះសារ ដូចការលើកឡើងខាងលើនេះ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថាវាពុំមែនជាការពិតដូចការចោទប្រកាន់នោះទេ។ ការលក់អាចម៏ដីក្នុងបាតបារាយណ៍នេះ គឺអនុវត្តតាមសង្ឃដីការរបស់សម្តេចសង្ឃទេព វង្ស តាមរូបភាពយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ គឺលក់អាចម៏ដី១៥ហិកតា ដើម្បីដោះដូរថវិការខ្លះយកមកអនុវត្តគម្រោង។ ពីព្រោះបើយើងជួលគេជីកក៏ត្រូវចំណាយប្រាក់ ចឹងទេយើងលក់អាចម៏ដីឲ្យគេ បានលុយហើយបានជាស្រះទឹកក្នុងបាតបារាយណ៍ទៀត។

លោកបន្តថា គម្រោងបារាយណ៍សិប្បនិម្មិត ដែលធ្វើឡើងក្នុងទំហំដី២៨៨ហិកតានេះ គ្រោងចំណាយទឹកប្រាក់ប្រមាណជា៤០លានដុល្លារអាមេរិក។ នេះបើយើងរកដៃគូរសហការមិនទាន់បាន តែបើរកដៃគូរសហការបាន យើងអនុវត្តតាមភាពជាក់ស្តែង។ ការចាប់ផ្តើមអនុវត្តគម្រោង គឺធ្វើឡើងកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩ ក្រោមការសហការជាមួយប្រធានសហគមន៍ជ្រាវ ដែលទទួលបានសិទ្ធពីសម្តេចសង្ឃទេព វង្ស។

ដោយឡែកលោកគង់ ប៊ឹប ចៅសង្កាត់រងនិងជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ ក៏បានបកស្រាយដែរថា ការដែលរូបលោកជួយជ្រោមជ្រែងលើគម្រោងនេះ ក៏ព្រោះវាស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រាវ។ ប៉ុន្តែមិនមានការឃុបឃិតគ្នាលក់អាចម៏ដី យកលុយចែកគ្នាដូចការបង្ហោះព័ត៌មាន របស់ក្រុមFacebookនោះទេ។

លោកគង់ ប៊ឹប បន្តថា បើទោះបីជាលក់អាចម៏ដី១៥ហិកតា ហើយការចាក់បំពេញខ្នងបារាយណ៍មិនទាន់គ្រប់ រូបលោកក៏មិនឲ្យគម្រោងនេះនៅជាប់គាំងទៀតនោះឡើយ គឺចាំបាច់រកដៃគូរសហការមកធ្វើបារាយសិប្បនិម្មិត ឲ្យរួចជាស្ថាពរ។

ក្រុមមន្ត្រីអាជ្ញាធរសង្កាត់ជ្រាវចេញមុខបកស្រាយដូច្នេះធ្វើឡើងនៅមុននេះ២ថ្ងៃគឺថ្ងៃទី១២ខែមីនាឆ្នាំ២០១៩ ដែលបានផ្តល់បទសម្ភាសន៍ឲ្យក្រុមអ្នកយកព័ត៌មាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,721 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,600 នាក់