ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំ កម្ពុជា ប្រកាសធ្វើផ្លូវ.ស្ពាន ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:23 ព្រឹក អ្នកអាន 1052

មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃថ្ងៃទី ១៦ ខែ មីនាយប់មិញ ក្នុងពេលដែល បានអញ្ជើញមានប្រសាសន៍បើកពិធី “បុណ្យទន្លេលើកទី ៥” នៅខេត្តកំពង់ឆ្នាំង បានប្រកាសជូនដំណឹងល្អដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំងទាំងអស់បានដឹងអំពីគម្រោងសាងសង់ផ្លូវប្រវែងជាង ៥៧ គីឡូ ម៉ែត្រ ពី ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ គឺនឹងមានសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ស្ពាន ២ បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលកុំឲ្យមានផលប៉ះពាល់ទៅដល់ចរាចរណ៍ផ្លូវទឹក ក៏ដូចជាចរាចរណ៍ត្រី។ គម្រោងនេះគឺ បានសិក្សារួចហើយ ហើយមិនមានផលប៉ះពាល់ណាមួយដល់ធនធានធម្មជាតិ បញ្ហាបង្វែរចរន្តទឹក និង ការបំលាស់ទីរបស់ត្រីនោះទេ ។

យើងសង្ឈឹមថា បន្ទាប់ពីផ្លូវ និងស្ពានមួយខ្សែនេះត្រូវបានសាងសង់រួចហើយនោះ ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីគម្រោងមួយនេះ គឺបានចំណេញទាំងពេលវេលា ចំណេញថ្លៃដឹកជញ្ជូន និងទទួលបានចំណូលកាន់តែច្រើនជាមិនខាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 76,048 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,886 នាក់