ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកសាស្រ្ដាចារ្យ៖ សម្តេច ហ៊ុន សែន ជាមេដឹកបរទេសទី១ ដែលបានទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនង នយោបាយ ពី សាកលវិទ្យាល័យគ្រើក នៅថ្ងៃនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:10 ល្ងាច អ្នកអាន 746

សាកលវិទ្យាល័យគ្រើក (Krirk University)គឺជាសាកលវិទ្យាល័យល្បីមួយ នៅក្នុងប្រទេសថៃដែលមានអាយុកាល ៦៧ឆ្នាំមកហើយ។ លោកសាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យគ្រើក បានលើកឡើងអំពីលក្ខណៈសម្បត្តិពិសេសរបស់ សម្តេច ហ៊ុន សែន ដែលជាមេដឹកបរទេសទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពី សាកលវិទ្យាល័យគ្រើកនៅថ្ងៃនេះ។

លោកសាស្រ្ដាចារ្យ បានបញ្ជាក់ច្បាស់ថា សម្តេចនាយករដ្ឋមន្ត្រី គឺជាមេដឹកដែលពោរពេញទៅដោយចំនេះដឹង បទពិសោធន៍ និងសមត្ថភាព ដែលបានប្រើប្រាស់ជំនាញផ្នែកទំនាក់នយោបាយ ធ្វើអោយកម្ពុជាបានបង្រួបបង្រួម មានសុខសន្តិភាព និងរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចរឹងមាំមកទល់សព្វថ្ងៃ។

លោកសាស្រ្តាចារ្យ Krasae Chanawongse បានបញ្ជាក់ឡើងវិញថែមទៀតផងដែរថា គឺនៅឆ្នាំ១៩៧០ ដែលពេលនោះ សម្តេចតេជោ មានអាយុទើបតែ១៨ឆ្នាំ ដែលបានស្ម័គ្រចិត្តចូលធ្វើទាហាន រំលត់សង្រ្គាម និងរំដោះប្រទេសពីរបបប៉ុលពតប្រល័យពូជសាសន៍ ដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីពលទាហាន ក៏ដូចជាពលរដ្ឋទូទៅ រហូតដល់ប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។

ដោយសារភាពវៃឆ្លាតនៃការទំនាក់ទំនងទាំងក្នុងជួររដ្ឋាភិបាល និងក្នុងចំណោមសាធារណៈជន គឺ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះអាយុទើបតែ ៣២ ឆ្នាំ (១៩៨៥) បានក្លាយជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅលើពិភពលោក។ តាមរយៈការប្រើប្រាស់នូវទំនាក់ទំនងនយោបាយ គឺសម្តេចតេជោ បានកសាងនូវទំនុកចិត្តជាមួយ សមាជិកគណបក្ស សមាជិករដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ដែលបានធ្វើអោយ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដែលបានធ្វើអោយ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងនាយករដ្ឋមន្រ្តីមានរយៈពេល៣៤ឆ្នាំហើយ មកទល់ឆ្នាំ ២០១៩នេះ។

ចំពោះការទទួលស្គាល់ជាលក្ខណៈអន្តរជាតិតាមរយៈចំណេះដឹង បទពិសោធន៍ ជំនាញ និងសមត្ថភាពដឹកនាំប្រទេសប្រកបដោយទស្សនៈវិស័យច្បាស់លាស់ គឺ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទទួលមេដាយ និងសញ្ញាបត្របណ្ឌិតកិត្តិយជាច្រើនមកហើយ ពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសចិន, កូរ៉េ, វៀតណាម, រុស្សី, អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

សម្តេច ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University) នៅប្រទេសថៃ ដែលបានធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីឧត្តុង្គឧត្តមនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបុត្រាបុត្រីក្រុមគ្រួសារផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,954 នាក់
ម្សិលមិញ : 33,391 នាក់
សរុប : 79,401,622 នាក់