ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរព័ត៌មាន រំពឹងថា អភិបាលខេត្តសៀមរាប នឹងឈប់ហៅថា អ្នកកាសែតជជុះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:00 ល្ងាច អ្នកអាន 939

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោកលីវ សុខុន បានថ្លែងថា លោករំពឹងយ៉ាងមុតមាំថា លោកអភិបាលខេត្តសៀមរាប នឹងឈប់ហៅថា អ្នកកាសែតជជុះ ក្រោយពេលរូបលោក រៀបចំជួបជុំអ្នកកាសែតនៅចុងខែមីនានេះ និងបើកសិក្ខាសាលាមួយសម្រាប់អ្នកកាសែត នៅខេត្តសៀមរាប នាចុងខែមិថុនាខាងមុខ។

លោកបន្តថា សូមអ្នកកាសែតទាំងអស់ ប្រកាន់ជំហ៊គោរពក្រមសីលធម៌ និងវិជ្ជាជីវៈ។ ត្រូវស្វែងរកប្រភពឲ្យច្បាស់លាស់ មុនពេលចេញផ្សាយ ជៀសវាងការវាយប្រហារ ប៉ះពាល់ដល់កិត្តយសអ្នកដទៃ។

ការបញ្ជាក់របស់លោកលីវ សុខុន បន្ទាប់ពី លោកទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសដោយចំហរថា លោកនៅតែនិយាយពាក្យថា អ្នកកាសែតមួយចំនួន ជាកាសែតជជុះ។

ការលើករបស់លោកទៀ សីហា ឡើងបែបនេះ គឺនៅព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩ នាពេលអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩របស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខា សៀមរាប។ ជាមួយគ្នានោះ លោកក៏បានអរគុណអ្នកកាសែត ដែលបានវាយប្រហារមកលើរូបលោកផងដែរ។ តែលោកបញ្ជាក់ថា មិនមែនទាំងអស់នោះទេ។

លោកអភិបាលខេត្ត បានលើកឡើងថា អរគុណអ្នកកាសែត ដែលបានវាយប្រហារខ្ញុំខ្លះៗ ផងដែរ ក្នុងរយះពេលខ្លីមកនេះ ខ្ញុំគិតថា ជាការសប្បាយចិត្ត។ មានន័យថា គេចាប់អារម្មណ៍ខ្ញុំខ្លាំង។តែ វាយក៏មិនមានអ្វីធ្ងន់ធ្ងរនោះដែរ។ ។ ប៉ុន្តែការវាយប្រហារខ្លះ មានន័យថា ធ្វើឲ្យអាជ្ញាធរ ទៅប្រឈមជាមួយប្រជាពលរដ្ឋ ដោយមិនមានការពិត។ ផ្សាយព័ត៏មាន មិនមានមូលដ្ឋាន មិនមានប្រភពច្បាស់លាស់។ ដូចជាមន្ទីររ៉ែនិងថាមពលក៏ត្រូវ មន្ទីរធនធានទឹកក៏ត្រូវ អាជ្ញាធរអប្សារក៏ត្រូវ អភិបាលរងខេត្តក៏ត្រូវ មេបញ្ជាការកងរាជអាវុធហត្ថក៏ត្រូវ ស្នងការនគរបាលខេត្តក៏ត្រូវ។ ក្រៅពីនោះ ដូចជាការគោរពទង់ជាតិជាដើម មិនទាន់ដល់ពេលគោរព គ្រាន់តែឈរលូកហោប៉ាវ ក៏វាយប្រហារ។ នេះហើយពួកកាសែតជជុះ។ ចឹងទេខ្ញុំនៅតែនិយាយថា កាសែតជជុះដដែល។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងជាចំហរថា អ្នកកាសែតជជុះ នៅក្នុងហ្វូងមន្ត្រីរាជការរាប់រយនាក់។

ក្រោយពីមានការលើកឡើង របស់លោកទៀ សីហា អភិបាល ខេត្តសៀមរាប ដែលគ្រប់គ្រង ខេត្តតំបន់ទេសចណ៍ដ៍ប្រណិត និងជាខេត្តគោលដៅ របស់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ធ្វើអង្គប្រជុំថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ ដោយលោកថា មានអ្នកសារព័ត៌មាន ជជុះ នោះគឺមានបណ្ដាអ្នកសារព័ត៌មានមួយចំនួន បានសម្ដែងនូវការប្រតិកម្មមិនពេញចិត្តចំពោះ ការលើកឡើងថា អ្នកកាសែត ជជុះ យ៉ាងដូច្នេះ។ ក្នុងនោះអ្នកកាសែត បានបង្ហោះរូបលោកតាមប្រព័ន្ធហ្វេសប៊ុក ដោយសូមឲ្យលោកអភិបាលខេត្ត បកស្រាយ ពាក្យថា កាសែត ជជុះ មានន័យដូចម្ដេច? ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,319 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,716,617 នាក់