ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះ សម្តេច ហ៊ុន សែន អញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:47 ព្រឹក អ្នកអាន 1640

 នៅព្រឹកនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

មុនសម្រេចសាងសង់ផ្លូវនេះ គឺត្រូវចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។ ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់អោយដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំថែមទៀត។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,665 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,075 នាក់