ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ប្រាប់ថា ថវិកា២ពាន់លានដុល្លារ ធ្វើផ្លូវល្បឿនលឿននេះ មិនបានខ្ចីលុយពីមិត្តចិនទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:16 ព្រឹក អ្នកអាន 1317

 នៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញជាវត្តមាន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទាក់ទងនឹងការសាងសង់ផ្លូវនេះ នាយករដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនជនរួមជាតិថា៖ សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ គឺជាការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ“BOT ហើយក្រុមហ៊ុន មិនបានទាមទារនូវការធានាឥណទានពីរាជរដ្ឋាភិបាលកម្ពុជាឡើយ ដោយសារក្រុមហ៊ុនមានជំនឿលើរាជរដ្ឋាភិបាល និងជឿជាក់លើសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក៏មិនបានផ្តល់ដីឲ្យក្រុមហ៊ុនធ្វើផ្លូវទេ ផ្ទុយទៅវិញ ក្រុមហ៊ុនបានផ្តល់ថវិកាឲ្យរាជរដ្ឋាភិបាលដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ ដោយក្រុមហ៊ុនសុំមានសិទ្ធិធ្វើអាជីវកម្មផ្លូវនៅក្នុងរយៈពេលកំណត់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។

សម្តេចតេជោបានមានប្រសាន៍បញ្ជាក់ថា កម្ពុជាមិនបានបដិសេធក្រុមហ៊ុនវិនិយោគបរទេសណាដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសម្តេចតេជោនៅតែបន្តអំពាវនាវអោយវិនិយោគិនបរទេសទាំងអស់អាចមកវិនិយោគនៅក្នុងប្រទេសកម្ពុជាគ្រប់ពេលវេលាទាំងអស់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,763 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,601 នាក់