ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន កម្ពុជា មានប៉ូលសេដ្ឋកិច្ច សំខាន់៣ ក្រុងភ្នំពេញ ព្រះសីហនុ និងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:33 ព្រឹក អ្នកអាន 1462

នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់៣ ដែលប៉ូលទី១គឺទីក្រុងភ្នំពេញ ប៉ូលទី២គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣គឺខេត្តសៀមរាប ហើយយើងនឹងអាចមានប៉ូលទី៤មួយទៀតគឺខាងប៉ែកភូមិភាគឥសាន គឺជាប៉ូលសេដ្ឋកិច្ចខាងផ្នែកកសិឧស្សាហកម្ម។ សម្តេចបានមានប្រសាសន៍ថា ដោយសារផ្លូវនេះត្រូវបញ្ចប់ការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដូច្នេះនៅថ្ងៃនេះ សម្តេតេជោបានប្រកាសថា កម្ពុជានឹងរៀបធ្វើជាម្ចាស់ផ្ទះ SEA Games នៅក្នុងអំឡុងឧសភា ២០២៣ ផងដែរ គឺពេលដែលយើងទទួលបានផ្លូវស្អាតហើយនោះ។

នាយករដ្ឋមន្ត្រីបានបន្តថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសំរាប់ប្រទេស និងប្រជាជនកម្ពុជា ដែលយើងទទួលបានសមិទ្ធផលផ្លូវដ៏ស្រស់ស្អាត១ខ្សែនេះ ដែលផ្លូវនេះអាចកើតមានឡើងបានដោយសារប្រទេសកម្ពុជាយើងមានសុខ សន្តិភាពពេញលេញ និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន។

សម្តេចបន្តថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ ដែលនឹងបម្រើជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ ជាកំពង់ផែ ជាព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿនឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។
ការថ្លែងនេះនាពេលអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,839 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,249 នាក់