ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចសង្ឃទេព វង្ស៖ អ្នកនិយាយខុសការពិត ឬផ្សព្វផ្សាយខុសការពិត អាចទទួលបាបកម្ម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 02:32 ល្ងាច អ្នកអាន 1230

សម្តេចសង្ឃរាជទេព វង្ស មានព្រះបន្ទូលថា រឿងសាងសង់មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ឬបារាយណ៍សិប្បនិម្មិត គឺគ្មានពាក្យថា និរាករនោះឡើយ។ ប្រធានសហគមន៍បឹងពារាំង និងជាប្រធានសហគមន៍ទំនប់ទឹងជ្រាវ រួមទាំងលោកចៅសង្កាត់ជ្រាវ ត្រូវសហការជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ បន្តអនុវត្តគម្រោងនេះឲ្យបានជោគជ័យ ទោះបីមានដៃគូបរទេសមកសហការ ឬមិនមានក៏ដោយ។ សូមកុំធ្វើអ្វីខុសពីការពិត ហើយក៏សុំកុំធ្វើអ្វីដែលមិនចំណេញ។ ចំពោះអ្នកដែលនិយាយខុសការពិត ឬផ្សព្វផ្សាយខុសការពិត អាចទទួលបាបកម្ម។ ព្រះករុណាខ្ញុំមានព្រះជន្ម៨៨ឆ្នាំហើយ ពុំមានលទ្ធភាពរកថវិការមកកសាងបារាយណ៍នេះទេ។ ដូច្នេះហើយអ្នកអនុវត្ត ត្រូវចេះប្រើវិធីណាដែលមានផលប្រយោជន៍ ដែលចំណេញ គឺយកស្លឹកត្នោត ខ្ចប់ស្កត្នោត។ ពីព្រោះថា គម្រោងនេះ នឹងមានគ្រប់យ៉ាងដូចជា សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន។ល។ ចឹងទេកូនចៅជំនាន់ក្រោយ អាចមានឱកាសរកចំណូលដើម្បីផ្គត់ផ្គង់គរួសារ តាមរយៈភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តក្នុងតំបន់ទេសចរណ៍ថ្មី ដែលស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបនេះ។

សម្តេចបន្តថា ក្រោយពីគម្រោងនេះចាប់ដំណើរការ ក៏លេចឮពាក្យថា សម្តេចផ្ទាល់បានចេញលិខិតនិរាករ ដោយសាតែអ្នកអនុវត្តគម្រោងនេះជីកយកអាចម៏បាតបារាយណ៍លក់។ ចឹងទេចាំបាច់ត្រូវតែចុះមកពិនិត្យ ហើយផ្តល់ព័ត៌មានដល់អ្នកកាសែត ដើម្បីផ្សព្វផ្សាយកុំឲ្យខុសការពិត។
ក្រៅពីបង្កើតមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ឲ្យក្លាយជាតំបន់ទេសចរណ៍ថ្មីហើយ ត្រូវរួមគ្នាធ្វើផ្លូវចូលទៅតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង ឲ្យបានធំទូលាយដើម្បីងាយស្រួលអ្នកទេសចរណ៏ ចូលទៅទស្សនាព្រៃលិចទឹក និងសត្វស្លាបទឹក ព្រមទាំងជីវចម្រុះ នៅក្នុងតំបន់នោះ។ ជាមួយគ្នានោះ សម្តេចសង្ឃរាជទេព វង្ស ក៏បានទិញកូនឈើចំនួន៥០០០ដើម ត្រៀមដាំនាដើមរដូវវស្សា ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវផងដែរ។

គួបញ្ជាក់ថា សម្តេចសង្ឃរាជមានព្រះបន្ទូលនេះ គឺកាលពីរសៀលថ្ងៃទី១៩ខែមីនា នៅចំណុចសាលាឆទានទំនប់ទឹក៧៨ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈសម្តេចយាងទៅពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ឬ បារាយណ៍សិប្បនិម្មិត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 151,504 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,610 នាក់