ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លាស់ប្ដូរ តំណែងប្រធាន សុរិយោដី ក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:37 ព្រឹក អ្នកអាន 4001

 ខេត្តសៀមរាប៖នៅរសៀលទី២២ខែមីនាម្សិលមិញ នៅរដ្ឋបាលសាលាក្រុងសៀមរាប បានធ្វើពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងរបស់ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលក្រុងសៀមរាប ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការផ្លាស់ប្តូរតំណែងរបស់មន្ត្រីរាជការគឺជារឿងធម្មតានិងដើម្បីជំរុញដល់ការអនុវត្តការងារឱ្យកាន់តែល្អប្រសើរផងដែរដូច្នេះមន្ត្រីដែលទើបទទួលបានការតែងតាំងនិងមន្ត្រីចាស់ត្រូវតែរួមសាមគ្គីគ្នា ដើម្បីបំពេញតួនាទីបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងល្អប្រសើរ។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់និងសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសំណង់គ្រប់ប្រភេទនិងមិនត្រូវបណ្តោយឱ្យមានការសាងសង់សំណង់ខុសច្បាប់ឬគ្មានច្បាប់អនុញ្ញាតធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសុវត្តិភាពសាធារណៈនោះទេ ត្រូវសហការជាមួយរដ្ឋបាលមូលដ្ឋាន ដោះស្រាយភាពអសកម្ម និងភាពមិនប្រក្រតីក្នុងវិស័យសំណង់ ដែលបណ្តាលមកពីការសាងសង់រុះរើ ជួសជុល ដោយគ្មានច្បាប់អនុញ្ញាតការសាងសង់មុនទទួលបានលិខិតអនុញ្ញាត ឫសាងសង់ខុស ច្បាប់ដែលអនុញ្ញាតដែលបង្កអោយប៉ះពាល់ដល់សំណង់ជិតខាងសុខុមាលភាព សណ្តាប់ធ្នាប់ សុវត្ថិភាព និងទ្រព្យសម្បត្តិសាធារណៈនិងការប្រើប្រាស់សំណង់ខុសពីមុខងារប្រើប្រាស់ដែលអនុញ្ញាតតម្រូវអោយចូលរួមគោរពច្បាប់ទាំងអស់គ្នានិងត្រូវមានវិធានការតាមផ្លូវច្បាប់ ។

មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវរួមសាមគ្គីគ្នាខិតខំអនុវត្តភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ខ្ពស់ដើម្បីផ្តល់សេវាសាធារណៈ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ នៃច្រកចេញចូលតែមួយដែលច្បាប់បានកំណត់ ។

លោក ង៉ាន់ ភិរុណ ក៍បានមានប្រសាសន៍បន្តទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់នូវរាល់ការវិវាទទាំងឡាយណា ដែលបានកើតឡើងរវាងពលរដ្ឋ កុំទុកឲ្យវិវាទកាន់តែរីកធំ ហើយត្រូវជុំរុញអនុវត្តន៍ឲ្យបាននូវផែនការការងារសំខាន់ៗ ដោយទាមទាចាំបាច់នូវកិច្ចសហការន៍ និងគាំទ្រពីគណៈអភិបាលខេត្ត ក្រុង និងអាជ្ញាធរមូលដ្ឋានដូចជា ៖ ការងារដោះស្រាយវិវាទដីធ្លី ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដី ការងារសំណង់ ការងារបុគ្គលិក និងការងារផ្តល់សេវាសាធារណៈ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៏នូវតួនាទី និងភារកិច្ចរបស់ខ្លួន អោយបានល្អ និងមានប្រសិទ្ធភាព មានសាមគ្គីភាពល្អ គោរពវិន័យការងារ និងត្រូវដើរតួនាទី ជាមន្ត្រីបម្រើសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ ។

សូមបញ្ជាក់ថា៖ លោក នៀវ សុធី ឋានន្តរស័ក្តិ អនុមន្ត្រីថ្នាក់លេខ២នៃក្របខ័ណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានសំរេចតែងតាំង ជាប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងសៀមរាប ជំនួសលោក ស ចន្ទផល្លីន ដែលត្រូវផ្លាស់អោយទៅបម្រើការងារ ជាមន្ត្រីនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបវិញ។
ជាមួយគ្នានេះ គេកំពុងរងចាំមើល លោក នៀវ សុធី ដែលទើបឡើងតំណែងថ្មី ហ៊ានចាត់វិធានការ វាយកំទេចអគារសំណង់ មួយកន្លែងមិនប្រក្រតី នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលទំនងសំណង់នេះ មិនមានច្បាប់អនុញាត្តពីជំនាញសុរិយោដី។

ម្ចាស់សំណង់ដែលមានអំណាចយ៉ាងធំធេង ក្នុងការសាងសង់ មិនមានមន្ត្រីណាចុះហាមឃាត់នេះ ឈ្មោះហ៊ុយ នីន សាងសង់ ផ្ទះនៅកណ្ដាលក្រុងសៀមរាប ដោយមិនមានលិខិតអនុញាត្ត។ នេះបើយោងតាមមន្ត្រីសុរិយោដី បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ កាលពីពេលថ្មីៗនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,955 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,595 នាក់