ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តសៀមរាប ណែនាំឲ្យមន្ត្រីធ្វើការ ត្រួតពិនិត្យឡើងវិញ ករណី ជីកបារាយណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 10:05 ព្រឹក អ្នកអាន 1312

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានស្នើបណ្តាមន្ទីរ អង្គភាព ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ និង ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដោយការអនុវត្តនាពេលកន្លងមក គឺ ពុំមានច្បាប់អនុញ្ញាត្តនៅឡើយ ដោយឈរលើគោលការណ៍អនុញ្ញាត្តអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២៨៨,៦០៣ហិកតា ដែលរាជ រដ្ឋាភិបាលបានអនុញ្ញាត្ត តាមរយៈលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាត្តថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដើមី្បធ្វើការអភិវឌ្ឍន៍។ ក្នុងនោះអភិបាល ក៏បានបញ្ជាក់ថា គម្រោមអភិវឌ្ឍន៍នេះ មានស្ថានភាពធំធេងណាល់ ដែលត្រូវប្រើប្រាស់ទុនជាច្រើន ។

លោកទៀ សីហា បន្តថា ដូច្នេះដើមី្បធ្វើការងារនេះឲ្យស្របទៅនឹងច្បាប់ ក្រុមហ៊ុន ត្រូវធ្វើការសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ រៀបចំនូវរាល់ឯកសារ ដោយធ្វើការ លំអិតទៅតាមគម្រោង ដោយទីតាំងនេះគឺមានអត្ថន័យ និង អត្ថប្រយោជន៍ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស សម្រាប់ទៅពេលអនាគត ។ ម៉្យាងទៀតគម្រោងនេះ បានដំណើរការទៅបានប្រកបដោយជោគជ័យនោះ គឺជាកិត្តិយសសម្រាប់ខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងវិស័យព្រះពុទ្ធសាសនា និង ទេសចរណ៍ទៀតផង ។

ជាមួយគ្នានេះដែរអភិបាលខេត្ត ឲ្យធ្វើការពិនិត្យឡើងវិញផងដែរ រាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ព្រមទាំងសុំឲ្យក្រុមហ៊ុនធ្វើការស្មើសុំ ទៅក្រសួងធម្មការ និង សាសនា ក្នុងការរៀបចំលើគម្រោងនេះ ។ការអះអាងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី២៦មីនាម្សិលមិញ នៅសាលាខេត្តសៀមរាប។

ការប្រជុំនេះ បន្ទាប់ពីមានការចុះផ្សាយនៅតាមសារព័ត៌មានបណ្តាញសង្គមនាពេលកន្លងមកនោះ ពាក់ព័ន្ធនឹងការជីកយកដីធ្វើអាជីកម្ម ពីតំបន់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដោយមានការចូល រួមពីមន្ត្រីជំនាញជាច្រើនរូប។

មន្ទីរជំនាញបានបញ្ជាក់ថាអាងទឹក ទំនប់ទឹកជ្រាវ ដែលមានទំហំផ្ទៃដី ២៨៨,៦០៣ហិកតា ដែលស្តុក ទឹកស្រោចស្រពបានលើផ្ទៃដីស្រែប្រាំងបានជាង៣០០ហិកតា ។ ម៉្យាងទៀតផ្ទៃដីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេច សង្ឃរាជទេព វង្ស គឺបានជួយដល់ការដំកល់ទឹកស្តុកនៅទ្វេរដងឡើង ថែមទៀត ព្រមទាំងធ្វើការអភិវឌ្ឍន៍ វត្តអារាម ទីសក្ការៈ មន្ទីរទេព្យ បណ្ណាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅ ធ្វើជា សួនច្បារ ដើមី្បបម្រើនូវផលប្រយោជន៍ដល់សាធារណជន ហើយដីនេះមិនអាចកែប្រែស្ថានភាពដី ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋទេ។

ជាមួយគ្នានេះមន្ទីរធនធានទឹក ថា ដីផ្ទៃអាងនេះត្រូវបានសហគមន៍ជ្រាវ បានស្នើសុំ ធ្វើការជីកស្តារបាតអាង ដោយបានសុំច្បាប់ពីអនុញ្ញាត្ត នៅឆ្នាំ២០១៥ ទើបតែពេលនេះទើបអនុវត្ត ស្របទៅនឹងគម្រោង អភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេចសង្ឃរាជ ទេព វង្ស ហើយក៏ត្រូវបាន រងការរិះគុណពីសារព័ត៌មានបណ្តាញសង្គមទៀតផង ។ ម៉្យាងទៀត ចំពោះគម្រោងនេះគឺត្រូវបានប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុន បរិសុទ្ធ ប្រផីធី មេនេចម៉ិន ដើមី្បអភិវឌ្ឍ គម្រោងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពនេះ ។ ក្នុងការជីក ដឹកជញ្ជូនដីចេញពីតំបន់ អភិវឌ្ឍន៍នេះ ក៏ពុំមានច្បាប់អនុញ្ញាត្តនៅឡើយ តែបើធ្វើការដឹកជញ្ជូននៅក្នុងតំបន់អភិវឌ្ឍន៍ គឺត្រូវពឹងផ្អែកទៅលើច្បាប់ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត្ត នៅក្នុងតំបន់ផ្ទៃអាងទឹកនេះ ទោះបីតំបន់ផ្ទៃអាងនេះ ស្ថិតនៅក្នុងតំបន់២ របស់អាជ្ញាធរបឹងទន្លេសាប គឺមិនបានប៉ះពាល់ដល់តំបន់ព្រៃលិចទឹក សម្រាប់ត្រីពងកូន និង សត្វស្លាបរស់នៅឡើយ ។

តំណាងអនុវត្តគម្រោង ក៏បានលើកឡើង អំពីគម្រោងផែនការ របស់គម្រោងអភិវឌ្ឍន៍ ក្នុងការបម្រើនូវផលប្រយោជន៍ជាសាធារណៈ ព្រមទាំងជាតំបន់អេកូទេសចរណ៍ និង កសិទេសចរណ៍ ដើមី្បទាក់ទាញ ដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត សំខាន់លើផ្នែកសាសនា ។ គម្រោងនេះក៏បានកំពុង ស្វែងរកនូវដៃគូអភិវឌ្ឍន៍ ដោយគម្រោងនេះត្រូវចំណាយទុនប្រមាណ ៤០លានដុល្លា ។

កិច្ចប្រជុំនេះក៏បានធ្វើការពិភាក្សា និង ដោះស្រាយ ពីបញ្ហានៅតំបន់ទេសចរណ៍បឹងពារាំង រវាងសហគមន៍នេសាទចុងឃ្នៀស និង សហគមន៍ជ្រាវ ដែលជាអ្នកអភិរក្សថែរក្សាបឹងពារាំង ដែលជាជម្រកត្រីពូជ និង ទីកន្លែងសត្វស្លាបគ្រប់ប្រភេទរកចំណី និង ស្នាក់នៅ ព្រមទាំងបានបម្រើដល់ភ្ញៀវ ទេសចរណ៍ និង បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជ្រាវទៀតផង ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,525 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,948 នាក់