ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវចូលវត្តមួយកន្លែង នៅខេត្តសៀមរាប គ្រឿងចក្រឈូសផ្ដាច់ ព្រះសង្ឃនិងអ្នកភូមិផ្ទុះប្រតិកម្ម សុំឲ្យអាជ្ញាធរជួយដោះស្រាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 03:54 ល្ងាច អ្នកអាន 9545

ខេត្តសៀមរាប៖ផ្លូវចូលវត្តមួយកន្លែង នៅខេត្តសៀមរាប គ្រឿងចក្រឈូសផ្ដាច់ ព្រះសង្ឃនិងអ្នកភូមិផ្ទុះប្រតិកម្ម សុំឲ្យអាជ្ញាធរជួយដោះស្រាយ។ផ្លូវនេះស្ថិតចូលទៅកាន់វត្ត ព្រៃធុតង្គព្រះនិព្វាន ដែលស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប។

ការផ្ទុះប្រតិកម្ម សុំឲ្យជួយរកដំណោះស្រាយនេះ ក្រុមអ្នកភូមិនិងព្រះសង្ឃ បានចោទប្រកាន់ថា ទំនងលោកមេឃុំ ពពេល ឈ្មោះសោម អោម ស៊ីញ៉េលក់ដីផ្លូវបុរាណឲ្យទៅក្រុមឈ្មួញរកស៊ីទិញ លក់ដី ទើបពួកគេហ៊ានបំពានច្បាប់ ដោយយកគ្រឿងចក្រមកឈូសផ្តាច់ផ្លូវបែបនេះ។

នៅរសៀលថ្ងៃទី២៧ខែមីនាម្សិលមិញ នៅលើទីតាំងដែលបោះបង្គោលបិទ និងឈូសផ្តាច់ផ្លូវ ក្រុមអ្នកភូមិបានលើកឡើងស្រដៀងគ្នា ប្រាប់អ្នកអ្នកសារព័ត៌មានថា ផ្លូវចូលទៅកាន់វត្ត ព្រៃធុតង្គព្រះនិព្វាន គឺជាផ្លូវតាំងពីបុរាណកាល មក។ ពីដើមឡើយជាផ្លូវសម្រាប់បររទេះគោ ក្របី និងផ្លូវដើរដោយថ្មើជើង ដែលអ្នកភូមិគ្រប់គ្នាចូលទៅអាស្រ័យផលក្នុងព្រៃសហគមន៏ ដូចជាបោចវ័ល្ល ដុតជ័រ បេះផ្លែឈើ និងបរបាញ់សត្វជាដើម។ លុះពេលបង្កើតបានជាវត្ត ហើយព្រះសង្ឃនិងទាំងក្រុមអ្នកភូមិរួមរួមគ្នាកសាងផ្លូវចូលទៅកាន់វត្ត ដែលបានចំណាយប្រាក់អស់រាប់ពាន់ដុល្លារ ក៏ត្រូវបានក្រុមឈ្មួញដី មកអះអាងថា ផ្លូវនេះជាដីកម្មសិទ្ធរបស់ខ្លួន។ ចឹងទេចាំបាច់ត្រូវប្រគល់ឲ្យគេវិញ ព្រោះឯកសារទិញលក់ មានចុះហត្ថលេខាដោយអាជ្ញាធរភូមិឃុំត្រឹមត្រូវ។ ក្រុមអ្នកភូមិបានចោទថា ករណីនេះ អាចមេភូមិ និងមេឃុំ ឃុបឃិតគ្នាស៊ីញ៉េលក់ដីផ្លូវឲ្យទៅក្រុមឈ្មួញយ៉ាងពិតប្រាកដ បើមិនចឹងទេ មិនអាចនៅសុខៗ មានគេយកគ្រឿងចក្រមកឈូសផ្តាច់ផ្លូវថែមទាំងធ្វើរបងបិទផ្លូវ ដែលផ្លូវនេះបានកសាងអស់ប្រាក់រាប់ពាន់ដុល្លារ ហើយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមកអន្តរាគមន៍បែបនេះឡើយ។

ក្រុមអ្នកភូមិ ព្រះសង្ឃ យាយជីតាជី បានដង្ហោយសុំ ឲ្យអាជ្ញាធរស្រុក ខេត្ត មេត្តាជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យមានការបើកផ្លូវចូលទៅកាន់ វត្តខាងលើនេះឲ្យខាងតែបាន ត្បិតពេលនេះ ផ្លូវត្រូវគេកាយផ្តាច់ហើយធ្វើរបងបិទចំនួនពីកន្លែង ឯទ្រូងផ្លូវត្រូវបានឈូសកំទេចចោលអស់ទៀត។

ព្រះចៅអធិការវត្ត ព្រៃធុតង្គព្រះនិព្វាន ព្រះអង្គស៊ិន សេត បានមានសង្ឃដីការប្រាប់អ្នកសារព័ត៌មា ថា វត្តនេះបានបង្កើតនៅដើមឆ្នាំ២០១៥ ហើយបានសុំច្បាប់អនុញាត្ត ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រហូតដល់ក្រសួង។ នៅក្នុងអំឡុងពេលកសាងវត្ត ក៏បានកសាងផ្លូវចូលមកកាន់វត្ត តាមទម្រង់ផ្លូវចាស់(ផ្លូវពីបុរាណ)។ប៉ុន្តែក្រោយពេលកសាងផ្លូវរួចរាល់ជាស្ថាពរ ក៏មានមនុស្សពីរក្រុមផ្សេងគ្នាមកអះអាងថាជាម្ចាស់ដី។ក្រុមទី១មានឈ្មោះសរ ពិដោរ ភេទស្រី តំណាងដោយឈ្មោះឈុំ សុវណ្ណ ភេទប្រុស មកបង្ខំឲ្យលោកផ្តិតមេដៃប្រគល់ដីផ្លូវនេះឲ្យពួកគេ ព្រោះថាដីរបស់ពួកគេទទឹង៣០ម៉ែត្រជាប់ទាំងផ្លូវ១០ម៉ែត្រផង និងបណ្តោយ២៨៥ម៉ែត្រ តែដោយលោកមិនព្រមផ្តិតមេដៃ ក៏លេចក្រុមទី២ដែលមានស្ត្រីឈ្មោះដា ណេ ដែលមានតំណាងឈ្មោះអ៊ុង ថាន់ ភេទប្រុសមកបង្ខំឲ្យលោកប្រគល់ដីផ្លូវនេះឲ្យទៅពួកគរទៀត។ ប៉ុន្តែដោយលោកមិនព្រម នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ឈ្មោះអ៊ុង ថាន់ បានយកគ្រឿងចក្រមកឈូសផ្តាច់ផ្លូវចំនួនពីរកន្លែងហើយបោះរបងបិទផ្លូវតែម្តង។

ព្រះតេជគុណបន្តថា ដោយហេតុផលខាងលើនេះ ព្រះអង្គបានជាវដីពីអ្នកភូមិ១០ម៉ែត្រដើម្បីធ្វើផ្លូវចូលទៅវត្តជាបណ្តោះអាសន្ន តែដោយមិនទាន់មានប្រាក់ប្រគល់ឲ្យម្ចាស់ដី មិនដឹងថាផ្លូវថ្មីនេះត្រូវម្ចាស់ដីដកហូតវិញពេលណានោះឡើយ។ ចឹងទេព្រះអង្គ រួមទាំងយាជីតាជី និងក្រុមអ្នកភូមិ នៅតែបន្តសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចក្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ដោះស្រាយ បើកផ្លូវដែលគេឈូសបំផ្លាញដើម្បីយកដី ប្រគល់ឲ្យលោកគ្រប់គ្រងថែរក្សាក្នុងការធ្វើដំណើរចូលទៅវត្តវិញ។ ដោយលោករំពឹងថា អាជ្ញាធរនិងពិនិត្យហើយពិចារណា ដោះស្រាយយកផ្លូវប្រគល់ឲ្យលោកវិញ ព្រោះជាផ្លូវដែលព្រះអង្គកសាងលើផ្លូវចាស់ពីបុរាណ។

ទោះបីមានការអះអាងបែបនេះក្ដី អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីឈ្មោះសរ ពិដោរ ភេទស្រី តំណាងដោយឈ្មោះឈុំ សុវណ្ណ ភេទប្រុស និងស្ត្រីឈ្មោះដា ណេ ដែលមានតំណាងឈ្មោះអ៊ុង ថាន់ ភេទប្រុសនៅឡើយទេនារសៀលថ្ងៃនេះ។

ប៉ុន្តែលោកសោម អោម មេឃុំពពេល បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា ដីគេមានម្ចាស់។លោកបានធ្វើផ្លូវលើដីរបស់គេ។ ចឹងទេម្ចាស់គេអាចកាយផ្តាច់ផ្លូវចឹងហើយ។ លោកបន្តថា ពីមុនជាផ្លូវចាស់មែន តែជាផ្លូវរទេះ និងដើរថ្មើជើងតែប៉ុណ្ណោះ ចឹងហើយបានលោកហ៊ានស៊ីញ៉េឲ្យគេ។លោកមេឃុំបន្តថា បើលោកសង្ឃមានផ្លូវថ្មីហើយចាំបាច់ទាមទារយកផ្លូវចាស់អីទៀត ឲ្យគេទៅ។

ដោយឡែកលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទថា ករណីនេះរូបលោកក៏បានចុះទៅសម្របសម្រួលហើយដែរ តែពិនិត្យឯកសារម្ចាស់ដី ឃើញមានក្បាលដីជាប់ផ្លូវដែលលោកធ្វើនោះមែន។

លោកអភិបាលបន្តថា ករណីនេះលោកក៏មានផ្លូវថ្មីហើយ ចឹងទេសុំឲ្យបញ្ចប់ត្រឹមនេះដោយប្រគល់ដីផ្លូវនេះឲ្យម្ចាស់ដីគេទៅ។ តែប្រសិនបើគ្មានផ្លូវថ្មី រូបលោកក៏ព្យាយាមរកដំណោះស្រាយឲ្យខាងតែបានជាក់ជាមិនខាន។

ទោះបីយ៉ាងណា គេនៅតែមើលឃើញថា ផ្លូវគ្រួសក្រហមដែលស្ថាបនាដោយព្រះសង្ឃនិងអ្នកភូមិ សម្រាប់ចូលទៅកាន់វត្ត ព្រៃធុតង្គព្រះនិព្វាន គ្មានសង្ឃឹមថា អាចដំណើរការបានវិញនោះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,468 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,891 នាក់