ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មកសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផា បានកូនភ្លោះ២នាក់ ស្លាប់១ ប្ដីយកទៅទុកចោល ជាប់មាត់ស្ទឹងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:41 ល្ងាច អ្នកអាន 2554

ខេត្តសៀមរាប៖ប្ដីប្រពន្ធមួយគូ មកសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផា បានកូនភ្លោះ២នាក់ ប៉ុន្តែជាអកុសល កូនមួយបានស្លាប់ បាត់បង់ជីវិត ត្រូវបុរសជាប្ដីបានយកទៅទុកចោលនៅមាត់ស្ទឹងសៀមរាប ទាំងកណ្ដាលអាធ្រាត។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថានៅព្រឹកមិញនេះ បន្ទាប់ពីមានព័ត៌មាននេះនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម នគរបាលក្រុងសៀមរាប នគរបាលការិយាល័យបច្ចេកទេសខេត្តសៀមរាប បានចុះទៅដល់កន្លែងប្រទះឃើញសាកសពទារកខាងលើ និងបានធ្វើការពិនិត្យកោសល្យវិច្ច័យ ជាលទ្ធផលពុំមានស្លាកស្នាមលើដងខ្លួន ឡើយ។ បច្ចុប្បន្នសពទារក ខាងលើនេះ បន្ទាប់ពិនិត្យរួចហើយ ត្រូវបាននាំទៅបញ្ចុះទុកនៅបរិវេណវត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប ។

មន្ត្រីបន្តទៀតថាតាមការណែនាំពីលោកវរសេនីយ៍ ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដោយមានការដឹកនាំស្រាវជ្រាវពីលោកវរសេនិយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ថាសាកសពទារកនេះ ជាកូនរបស់ឈ្មោះ ជា ម៉េងឡុង ភេទប្រុស អាយុ២៥ឆ្នាំ ប្រពន្ធឈ្មោះ សេង សៀវម៉ី អាយុ១៨ឆ្នាំ រស់នៅភូមិសូភី ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់រំលឹកថានៅពីថ្ងៃទី ២៥ ខែមីនាឆ្នាំ២០១៩ ប្ដីប្រពន្ធទាំងពីរ ខាងលើនេះ បានធ្វើដំណើរមក ក្រុងសៀមរាប ដើម្បីចូលសម្រាលកូន នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាម៉ោង៣ព្រឹកទៀបភ្លឺ ថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធ បានសម្រាលកូន បាន កូនប្រុសចំនួន០២នាក់ (ភ្លោះ) តែទារកទាំងពីរនាក់នេះ មានសុខភាពខ្សោយ ទោះបីមានការប្រឹងប្រែងយកទារក ទៅចិញ្ចឹមក្នុងកែវ ដើម្បីសង្គ្រោះ ពី ក្រុមគ្រូពេទ្យ ក៏មិនអាចសង្គ្រោះទារកម្នាក់ដែលជាកូនទីពីរបានដែរ ទារកនោះបានស្លាប់ទៅវិញ ។ ក្រោយមកបុរសជាប្ដី បានសុំការអនុញាតពីក្រុមគ្រូពេទ្យ យកសពកូន ដោយអះអាងថាយកទៅបញ្ចុះនៅវត្ត លុះដល់វេលាម៉ោង២៤ឈានចូលដល់ថ្ងៃទី២៨ ខែមីនា បុរសជាប្ដី បែរជាយកកញ្ចប់ដែលមានសពកូន នៅខាងក្នុងនោះ ទៅទុកចោល បង្ករឲ្យមានការភ្ញាក់ផ្អើលតែម្តង។

បើតាមនគរបាលបានបញ្ជាក់ពីក្រុមគ្រូពេទ្យ នៅក្នុង មន្ទីរពេទ្យគន្ធបុប្ផា ថា ទារក នោះ ជារបស់ប្តីប្រពន្ធ ២នាក់ខាងលើ ពិតប្រាកដមែន គឹបានស្លាប់ ដោយសារ កើតមិនគ្រប់ខែនិងសុខភាពខ្សោយ។

គួបញ្ជាក់ថានៅព្រឹកមិញនេះមានករណីប្រទះឃើញសាកសពទារក ដែលទើបនឹងកើត ភេទប្រុស រុំក្នុងក្រមាពោះគោពណ៌ក្រហម នៅចំណុចមាត់ស្ទឹងសៀមរាប ទល់មុខ អនុវិទ្យាល័យព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ការប្រទះឃើញនេះដោយបុគ្គលិកថែសួន ពេលខ្លួនចុះប្រមូលសំរាម តាមមាត់ស្ទឹង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,388 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,494 នាក់