ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោក លឺ ឡាយស្រេង អាចមក កម្ពុជា វិញបាន! សម្ដេចហ៊ុន សែន ប្រាប់ទៅមន្ត្រីកុំឲ្យចាប់ចងរូបគាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:47 ព្រឹក អ្នកអាន 661

 សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកមិញនេះ ក្នុងពេលដែល អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៣,២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ បានមានប្រសាសន៍ហៅ លោក លឺឡាយ ស្រេង អតីមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ។

សម្តេចតេជោ បានប្រកាសជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចកុំឲ្យចាប់ចងរូបគាត់ទៀតផង។ ព្រោះថ្មីៗនេះ សម្តេចតេជោ បានឃើញ ព័ត៌មានតាមបាងកកប៉ុស្តិ៍ ដែល លោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេចតេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។

នាយករដ្ឋមន្រ្តី តែងតែមានព្រហ្មវិហារធម៌ចំពោះពលរដ្ឋ ក៏ដូចជាអតីតមន្រ្តីមួយចំនួនដែលទទួលស្គាល់នូវកំហុសឆ្គង ដូចជារូប លោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថព្រះមហាក្សត្រកម្ពុជា និងរូបសម្តេចតេជោផ្ទាល់។

សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផលប្រយោជន៍អ្វីដែលទៅសំងំលាក់ខ្លួនជេរប្រមាថមកលើរូបសម្តេច ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយមកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបសម្តេចផ្ទាល់។

សម្តេចតេជោ តែងតែផ្តល់ឱកាស និងណែនាំឲ្យអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយកសាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៌ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការនៅក្នុងប្រទេស ទើបមានលទ្ធផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 61,039 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,679 នាក់