ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តំបន់ទេសចណ៍សៀមរាប នឹងសាងសង់ស្ថានីយ ទឹកស្អាតមួយទៀត មានលទ្ធភាព ផ្គត់ផ្គង់ទឹក ក្នុងមួយថ្ងៃបាន៦០ពាន់ម៉ែត្រត្រីគុណ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 06:23 ល្ងាច អ្នកអាន 700

ខេត្តសៀមរាប៖លោក ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងថាក្នុងគម្រោង ឆ្នាំ២០១៩នេះ កម្ពុជានិងសាងសង់ស្ថានីយ៍ទឹកស្អាតមួយទៀត នៅជាប់និងបឹងទន្លេសាបផ្នែកខាងជើងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាបមកផ្គត់ផ្គង់ ព្រមទាំងរៀបចំបណ្តាញបំពង់ទឹកស្អាតចូលមកក្នុងក្រុង និងប្រព័ន្ធចែកចាយទឹក ប្រវែង២០០គីឡូម៉ែត្រ ហើយស្ថានីយ៍ទឹកស្អាតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃបាន ៦០ពាន់ម៉ែត្រត្រីគុណ ក្រោមឥណ្ឌទានដៃគូអភិវឌ្ឍន៍ ដែលមានទឹកប្រាក់សរុប ១០លានដុល្លាសហរដ្ឋអាមេរិក ។

ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤លើកទី១៩របស់រដ្ឋាករទឹកស្វយ័តសៀមរាបនៅព្រឹកមិញនេះ។ លោកបន្តថា សម្រាប់ការងារការរៀបតរភ្ជាប់ប្រព័ន្ធទឹកស្អាតទៅផ្ទះប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០១៨មកនេះមានចំនួនទាបជាងផែនការបន្តិច ប៉ុន្តែបរិមាណទឹក ស្អាតសម្រាប់ផ្គត់ផ្គង់ទៅប្រជាពលរដ្ឋបានប្រវែង ២២គីឡូម៉ែត្រ មានកើនឡើងស្មើនឹង ១០៤% នៃលទ្ធផលអនុវត្តជាក់ស្តែង បើធៀបទៅនឹងកាលពីឆ្នាំ២០១៧ ដែលមានបរិមាណទឹកប្រមាណ២៣៦ពាន់២៧៦ម៉ែត្រត្រីគុណ។

អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបបានបញ្ជាក់ថា អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប នៅក្នុងឆ្នាំ២០១៨មកនេះ អនុវត្តការងារទទួលបានទាំងភាពជោគជ័យ និងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្តផងដែរ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាល ក៏បានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅបញ្ហាចំពោះមុខ គឺប្រភពទឹកក្នុងការផ្តល់មកស្ថានីយ៍ធ្វើការផលិត ដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ ព្រោះថានៅខែខាងមុខនេះ ប្រទេសកម្ពុជាយើង នឹងជួបនូវបញ្ហាកង្វះទឹកប្រើប្រាស់នៅតាម តំបន់មួយចំនួន ដោយទទួលនូវឥទ្ធិពលសីតុណ្ហភាពកម្តៅ (អែលនីញ៉ូ) ដែលនឹងធ្វើឲ្យប្រភពទឹកផ្គត់ផ្គង់មានការប្រែប្រួលផងដែរ ។

លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់រដ្ឋាករទឹកស្វយ័តសៀមរាប បានមានប្រសាសន៍ថា ដើមី្បធានាបានក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងសៀមរាបឲ្យបានគ្រប់គ្រាន់ទៅ តាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ គឺធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។ ដូច្នេះដើម្បី សម្រេចឱ្យបានតាមផែនការនេះអង្គភាពរដ្ឋាករទឹក ត្រូវធ្វើការពង្រីកបណ្តាតរភ្ជាប់ទៅផ្ទះប្រជាពលរដ្ឋឱ្យបានច្រើន និងលឿន ខណៈមកដល់ពេលនេះយើងនៅមិនទាន់បាន ប្រើប្រាស់អស់លទ្ធភាពនៅឡើយទេ ក្នុងការបំពេញនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការ បានណែនាំឱ្យមន្រ្តីរដ្ឋាករទឹកស្វយ័តសៀមរាប ធ្វើការគ្រប់គ្រងនូវ សម្ភារៈ បរិក្ខាដែលបានបំពាក់ និងមានកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព សំខាន់ជាមួយដៃគូរអភិវឌ្ឍន៍ ក្នុងការពង្រឹង ពង្រីកបណ្តាញបំពង់ទឹកស្អាត ជូនដល់ប្រជាពល រដ្ឋក្នុងក្រុងសៀមរាបឲ្យបានគ្រប់ផ្ទះៗផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,450 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,873 នាក់