ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានការិយាល័យ សុខាភិបាល ប្តឹង ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នឹងបក្ខពួក ទៅតុលាការ ចោទប្រកាន់បីបទល្មើសនិងទារសំណងជំងឺចិត្ត២០០.០០០.០០០រៀល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 06:50 ល្ងាច អ្នកអាន 11097

ខេត្តសៀមរាប៖ប្រធានការិយាល័យសុខាភិបាលស្រុកអង្គរជុំ ប្តឹងប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អនុប្រធានមន្ទីរ និងអតីតគ្រូពេទ្យធ្មេញ ទៅតុលាការចោទប្រកាន់ចំនួនបីបទល្មើស និងទាមទារសំណងជំងឺចិត្ត២០០.០០០.០០០រៀល។

ដើមបណ្តឹងក្នុងរឿងនេះមានឈ្មោះម៉ក់ សំអឿន ភេទប្រុស មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានមុខងារជាប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិអង្គរជុំនៃមន្ទីរសុខាភិបាលខេត្តសៀមរាប។ ចំណែកចុងបណ្តឹងទី១ឈ្មោះក្រុស សារ៉ាត់ ភេទប្រុស ជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ទី២ឈ្មោះខេង តារាស៊ី ភេទស្រី ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងទី៣ឈ្មោះធឹម សំផូត ភេទប្រុស អតីតជាកម្មសិក្សាការី នៃមន្ទីរពេទ្យបង្អែកអង្គរជុំ។

យោងតាមបណ្ដឹងដែលអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ទទួលបាន ដែលបណ្តឹងចុះថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ ដែលបានចុះលេខទទួលដោយស្ថាប័នតុលាការ បញ្ជាក់ថាសុំប្តឹងឈ្មោះមនុស្សទាំងបី ដូចបានបញ្ជាក់ជូនខាងលើ ដោយចោទប្រកាន់បទអំពើឆបោក,ប្តឹងបរិហារបង្កាច់កេរ្តិ៏ និងបទបរិហាកេរ្តិ៏ជាសាធារណៈ ដែលបានប្រព្រឹត្តនៅស្រុកអង្គរជុំ ខេត្តសៀមរាប តាមមាត្រា៣៧៧,មាត្រា៣១១និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងបណ្តឹងបញ្ជាក់ទៀតថា អ្នកទាំងបីដែលជាចុងបណ្តឹងខាងលើ មានចេតនាទុច្ចរិត និងបានរៀបគម្រោងបំពានលើដើមបណ្តឹង ដែលក្នុងនោះឈ្មោះក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ជាអ្នកបញ្ជាឲ្យឈ្មោះខេង តារាស៊ីនិងឈ្មោះធឹម សំផូត បង្គាប់ឲ្យមណ្ឌលសុខភាពនានា ចំណុះឲ្យស្រុកអង្គរជុំប្រមូលស្នាមមេដៃគ្រូពេទ្យ ប្តឹងឈ្មោះម៉ក់ សំអឿន(ដើមបណ្តឹង)ទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងទៅក្រសួងសុខាភិបាល និងក្រសួងផ្សេងៗទៀត។

នៅរសៀលថ្ងៃទី១០ខែមេសានេះ លោកម៉ក់ សំអឿន ដែលជាដើមបណ្តឹង បានប្រាប់អ្នកកាសែតថា ករណីនេះប្រធានមន្ទីរសុខាភិបាលខេត្ត លោកក្រុស សារ៉ាត់ មានចេតនាប្តឹងមួលបង្កាច់បំណងឲ្យរូបលោកចុះចេញពីប្រធានការិយាល័ល(ប៉ែងជើង) ដើម្បីយកបក្ខពួករបស់គេទៅអង្គុយកៅអីនោះជំនួសវិញ។

លោកបន្តថា ដោយសាការប្តឹងមួលបង្កាច់ ហើយអង្គភាពប្រឆាំងអំពើពុករលួយ រកមិនឃើញកំហុសរបស់លោក ថែមទាំងអ្នកទាំងបីខាងលើមានចេតនាទុច្ចរិត ប្រព្រឹត្តអំពើឆបោក ទើបរូបលោកសម្រេចប្តឹងទៅតុលាការបែបនេះ។

លោកម៉ក់ សំអឿន បញ្ជាក់ចុងក្រោយថា ក្រោយបណ្តឹងចូលដល់តុលាការ លោកក្រុស សារ៉ាត់ ក៏បានដាក់ខ្លួនចរចារ ជាមួយរូបលោកចំនួនពីរដងរួចមកហើយ ប៉ុន្តែលោកមិនអាចបញ្ចប់បានឡើយ គឺទុកឲ្យតុលាការ ជាអ្នកសម្រេច។ ក្នុងនោះលោកក៏បានអំពាវនាវ សុំឲ្យស្ថាប័នតុលាការ មេត្តាចាត់ការរឿងក្តីនេះ ឲ្យបានឆាប់បំផុត។

ទោះយ៉ាងណាអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលបាននៅឡើយទេ។ ប៉ុន្តែលោក ក្នុងករណីនេះលោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលរងបណ្តឹងក្នុងការចោទប្រកាន់ចំនួនបីបទល្មើស មិនធ្វើអត្ថាធិប្បាយទេ ដោយលោកបញ្ជាក់តាមទូរសព្ទ ប្រាប់អ្នកកាសែតម្នាក់ថា កំពុងនៅឯសាលាខេត្ត។

ចំណែកលោកស្រីខេង តារាស៊ី អនុប្រធានមន្ទីរសុខាភិបាល បានប្រាប់អ្នកកាសែត តាមទូរសព្ទ័ថា លោកស្រីមិនបានដឹងរឿងបណ្តឹងអ្វីទាំងអស់ ពីព្រោះពេលនេះលោកស្រីបានចូលនិវត្តន៏ហើយ។ ម្យ៉ាងវិញទៀតលោកស្រីក៏ចាកចេញពីខេត្តសៀមរាប មករស់នៅឯភ្នំពេញផងដែរហើយ ចឹងទេគ្រប់យ៉ាងលោកស្រីមិនអាចនិយាយឲ្យលើសពីនេះបានឡើយ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង បានថ្លែងតាមទូរសព្ទនៅរសៀលថ្ងៃទី១០ខែមសានេះប្រាប់អ្នកកាសែតក្នុងស្រុកមួយថា ដោយសាបទល្មើសក្នុងបណ្តឹង ពុំមែនជាបទល្មើសជាក់ស្តែង ស្ថាបន័អយ្យការកំពុងធ្វើការស៊ើបអង្កេតបឋម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨កន្លងទៅ ប្រធានការិយាល័យសុខាភិបាលស្រុកអង្គរជុំ បានដាក់ពាក្យប្តឹង ប្រធាននិងអតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបរួមទាំងគ្រូពេទ្យធ្មេញម្នាក់ទៀតទៅតុលាការ ចោទប្រកាន់ចំនួនបីបទល្មើស និងទាមទារសំណង២០០.០០០.០០០រៀល និងសុំឲ្យតុលាការ ចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមខ្លឹមសារនៃបណ្តឹង បង្ហាញថា នៅក្នុងមន្ទីរសុខាភិបាលខេត្តសៀមរាប កំពុងបង្ហាញអំពីភាពមិនប្រក្រតី យ៉ាងច្រើន ដែលរឿងទាំងនេះ អាចបែកធ្លាយជាបន្តបន្ទាប់នៅថ្ងៃខាងមុខជាក់ជាមិនខាន៕SR

(លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប)


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 27,577 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,372,854 នាក់