ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ថ្លែងអរគុណ អាជ្ញាធរសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សារធារណៈ បានយ៉ាងល្អប្រសើរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:38 ព្រឹក អ្នកអាន 361

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងអរគុណចំពោះអាជ្ញាធរសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សារធារណៈ បានយ៉ាងល្អប្រសើរ។

រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ អជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ នៅក្នុងរយ:ពេល៣ថ្ងៃនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ គ.ស២០១៩ កន្លងទៅនេះ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្រៃលែង ។ ការសម្រេចបាននូវជោគជ័យបែបនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីប្រជាពលរដ្ឋគ្រប់រូប ក្នុងស្មារតីយល់ដឹងខ្ពស់ ដែលបានបង្ហាញពីភាព សុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ជាពិសេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ការបានការប្រេីប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឲ្យគ្រោះថ្នាក់និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

សូមថ្លែងអំណរគុណ ដល់សាលារាជធានី ខេត្ត ទីប្រជុំជន វត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគេហដ្ឋានដែលបានរៀបចំតុបតែងលំអ ដោយមានបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងគ្រឿងសក្ការបូជា ទទួលទេវតាឆ្នាំថ្មី ព្រមទាំងបានតុបតែង លំអដោយភ្លើងអគ្គិសនី និងបានចាត់តាំងឲ្យមានការដុតគោម ប្រទីបជ្វាលា ព្រោងព្រាតនាពេលយប់ ។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និង ប្រជាពលរដ្ឋទាំងអស់ដែលបានទប់ស្កាត់ និងប្រាសចាកស្ទេីរតែទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយដែលបង្កឲ្យខូចខាត អន្តរាយទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់កិត្តិយស របស់ខ្លួនផ្ទាល់ ដូចជាអំពើហិង្សា ការភ្នាល់ និងល្បែងស៊ីសងគ្រប់ប្រភេទ ។ ម្យ៉ាងទៀតបានចាត់តាំងឲ្យមានការសម្តែងសិល្បៈនៅតាមទីសាធារណៈ និងបំផុសឲ្យប្រជាជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរបានយ៉ាងផុសផុល ដូចជាចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ការរាំកម្សាន្តនៅតាមរមនីយដ្ឋានប្រវត្តិសាស្ត្រនានា វត្តអារាម ទីប្រជុំជនទៅតាមទម្លាប់នៃតំបន់នីមួយៗ ដែលមានការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ៥លាននាក់ដែលការណ៍នេះបានបង្ហាញពីវប្បធម៌និងការអប់រំដល់យុវជនជំនាន់ក្រោយឲ្យបានដឹង និងយល់ច្បាស់ ហើយបន្តថែរក្សាឲ្យបានគង់វង្ស ។

ជាថ្មីម្តងទៀតខ្ញុំសូមជូនពរចំពោះកងកម្លាំងប្រដាប់អាវុធ និង មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់សូមទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចបម្រើជាតិ និង សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានការរស់នៅដោយសុខក្សេមក្សាន្ត ក្នុងសង្គមអភិវឌ្ឃតរៀងទៅ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,556 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,394 នាក់