ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ សូមធ្វើដំណើរ បានសុខសប្បាយ តាមផ្លូវទាំងអស់គ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:41 ព្រឹក អ្នកអាន 614

នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចហ៊ុន សែន នៅថ្ងៃមុននេះបានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយចំនួនច្រើនបានវិល ត្រឡប់មកកាន់លំនៅដ្ឋានវិញហើយ បន្ទាប់ពីបានទៅជួបជុំឪពុកម្តាយ និងសាច់សារលោហិត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។

ថ្ងៃទី ១៨ មេសា នេះ គឺជាថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីអាចធ្វើដំណើរតាមឡានក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ។ សូមធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា។

តៃកុងឡាន ក៏ដូចជាអ្នកបេីកបរទូទៅ ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿនប្រជែងយកឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និងនៅលើផ្លូវកោង លើស្ពាន និងនៅទីប្រជុំជនដែលមានមនុស្សអ៊ូអរច្រើន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ និងកងទ័ពដែលកំពុងឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការពារ ថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងបានចូលរួមបង្កើតកម្មវិធីកំសាន្តសប្បាយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។ ជាពិសេស សូមអរគុណបងប្អូនដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។

សូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ ចម្រុងចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,238 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,648 នាក់