ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ចាក់បេតុងភ្ជាប់ស្ពានឆ្លងព្រំដែន ,បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសកម្ពុជា-ថៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 08:17 ព្រឹក អ្នកអាន 712

នៅព្រឹកនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

សម្តេច ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងមានការថ្លែងសុន្ទរកថារួមគ្នាចំនួនពីរ គឺថ្លែងសុន្ទរកថានៅក្នុងកម្មវិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។ បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងធ្វើដំណើររួមគ្នាតាមរថភ្លើងចេញពីស្ថានីយបានក្លងលឹករបស់ថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើងរបស់កម្ពុជានៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ ក្រោយបញ្ចប់កម្មវិធីនេះទៅ សម្តេចតេជោ និងលោកប្រាយុទ្ធ នឹងអញ្ជើញពិសារអាហារពេលថ្ងៃរួមគ្នាផងដែរ។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេរិក។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ។

ដោយឡែកការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ», ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។ បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការតំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

ពាក់ព័ន្ធការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរវិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ នឹងចុះហត្ថលេខាជាមួយគ្នា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ជាមួយនឹងការចុះហត្ថលេខាបើកឱ្យមានការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរជាប្រវត្តិសាស្ត្រទៅ ក៏មានពិធីប្រគល់ក្បាលរថភ្លើងចំនួនមួយគ្រឿង ដោយមានទូចំនួន៤ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់នាយករដ្ឋមន្ត្រីថៃផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,320 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,337 នាក់