ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី នឹងស្នើទៅមិត្តថៃ ដើម្បីបើកច្រកព្រំដែន ចំនួន៤កន្លែងទៀត ដូចជា ច្រកអានសេះ, ច្រកជប់គគី, ច្រកភ្នំដី និង ច្រកថ្មដា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 12:49 ល្ងាច អ្នកអាន 674

នៅពេលខាងមុខដ៏ខ្លីនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងស្នើទៅមិត្តថៃដើម្បីបើកច្រកព្រំដែនចំនួន៤កន្លែងទៀត ដូចជា ច្រកអានសេះ, ច្រកជប់គគី, ច្រកភ្នំដី និង ច្រកថ្មដា ដើម្បីសម្រួលពាណិជ្ជកម្មរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរអោយកាន់តែល្អប្រសើរឡើង។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានសម្រេចឯកភាពរួចហើយជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសថៃក្នុងការកសាងបង្កើតស្ពានដែកមួយទៀត សម្រាប់បម្រើជូនដល់បងប្អូនដែលប្រកបរបរអូសរទេះដឹកសម្ភារៈឬទំនិញតូចៗផ្សេងៗដើម្បីបង្កលក្ខណៈងាយស្រួលឲ្យពួកគាត់ប្រកបរបរទទួលទានអូសទំនិញតូចៗឆ្លងទៅមកពីផ្សាររុងក្លឿ មកកាន់ប៉ោយប៉ែតកាន់តែមានភាព ងាយស្រួល និងឆាប់រហ័សទៀតផង។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

សម្តេចតេជោសង្ឃឹមថាវិនិយោគិនថៃ នឹងចូលរួមធ្វើការវិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹងបត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់ស្នាក់នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះដាក់ឱ្យដំណើរការ។

ការថ្លែងនេះពេលអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។ គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ ជាង ៩២៨លានបាត ស្មើនឹង ប្រមាណ ២៦,៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារ ត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមិត្តថៃ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហការល្អក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នឹងត្រូវដាក់ឱ្យដំណើរការនោះ ស្ថានភាពកកស្ទះចរាចរណ៍ដែលតែងតែរំខានដល់ការនាំចេញនាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំងផ្តល់កាលានុវត្តភាពថ្មីដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទៀតផង។

នៅថ្ងៃនេះ សម្តេចហ៊ុន សែន បានមានប្រសាសន៍អំពីពីការដាក់ដាក់ចេញនូវយុទ្ធសាស្ត្រ ជោគជ័យសំខាន់ៗចំនួន៣គឺៈ
១) ប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ។
២)ប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងអោយទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងការអភិវឌ្ឍ និង
៣) ការតភ្ជាប់ផ្ទៃក្នុងខ្លួនឯង និងតភ្ជាប់ទៅប្រទេសជិតខាងក្នុងតំបន់ផង ដូចជាការតភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសថៃជាដើម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,419 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,436 នាក់