ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទង្វើមិនប្រក្រតី របស់មេគយ ខេត្តកំពង់ឆ្នាំង ត្រូវបានបែកធ្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 12:15 ល្ងាច អ្នកអាន 589

ភ្នំពេញ៖ទង្វើមិនប្រក្រតីរបស់ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង ត្រូវបានបែកធ្លាយ ខណះល្បីចាប់ឡានដឹកបាកាស់ តម្រូវឲ្យបង់លុយ៥០០០ដុល្លារ ជាថ្នូរទៅនិងការដោះលែង ប៉ុន្តែការចរចានៅត្រឹម២០០០ដុល្លារ ក៏អនុញ្ញាត្តឲ្យឡានដឹកទំនិញបាកាស់នោះចេញ ពីស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង វេលាម៉ោង៧និង៥០នាទីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។នេះបើតាមគេហទំព័រកាសែតក្នុងស្រុកមួយបានចេញផ្សាយនៅថ្ងៃនេះ។

ប្រភពដដែលថា ម្ចាស់ដឹកបាកាស់នោះ ដឹកយកមកឲ្យម៉ូយតាមខេត្ត  ត្រូវបានគយប្រើអំណាចបញ្ជាឲ្យកូនចៅ ដោយលើកហេតុផលថា មិនចូលប្រាប់ មិនចូលបង់លុយ រួចទារ៥០០០ដុល្លារ ចុងក្រោយក៏យល់ព្រមយកត្រឹម២០០០ដុល្លារ បង់ឲ្យតាមរយៈគយឈ្មោះ (ណាល់ ) ទុកអោយ លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង។

ទោះបីយ៉ាងណាអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បំភ្លឺពីលោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង បាននៅឡើយទេ រហូតដល់ព្រឹកថ្ងៃ២៤មេសានេះដោយមិនមានទូរសព្ទទាក់ទង។ ប៉ុន្តែនៅវេលាម៉ោង៨និង៣៤នាទីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩ មានអ្នកលេខទូរសព្ទ ០៦៧ ៦៦៦ ៣៦៦ តេមកអង្គភាព នគរវត្ត បានអះអាងថា គាត់ឈ្មោះ ហ៊ាល ទូច និងបដិសេធថាគាត់មិនបានយកលុយពីការចាប់ឡានដឹកបាកាស់នោះទេ។

បើតាមប្រភពបានឲ្យដឹងទៀតថាលោក ហ៊ាល ទូច ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង អាចមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញដឹកទំនិញពីព្រំដែនខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ទំនងបង់លុយក្បាលឡាន ចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ឬ៥០០ដុល្លារ ពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានឡានកង់១០ និងឡានយីឌុបជាដើម។

គួបញ្ជាក់ថាហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ខែមេសាម្សិលមិញ គឺខាងគយចល័តរបស់លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកូនចៅចាប់រថយន្តកង់៦ ដឹកភេសជ្ជ:បាកាស់ ចំនួន១៥០កេស ដែលដឹកហួសទីរួមខេត្តប្រមាណជិត៥គីឡូម៉ែត្រ ដោយអូសយកមកដាក់នៅស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,241 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,942 នាក់