ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេប៉ូលិសខេត្តកំពង់ធំ៖ បើតៃកុងឡាន ឈ្មោះ តួ នេះ បានកាង ឬប្រព្រឹត្តបទល្មើស ផ្សេងៗ ខ្ញុំបាទមិនការពារទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 01:46 ល្ងាច អ្នកអាន 1204

ភ្នំពេញ៖ករណីសារព័ត៌មានមួយបានផ្សាយថា លោក ប៉ាង សុធារិទ្ធ ហៅតួ ជាអ្នកបើករថយន្តឲ្យលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលមិនមានក្របខ័ណ្ឌជាមន្ត្រីនគរបាល មានអំណាចធំ ជាងអាជ្ញាធរមានសមត្ថកិច្ចដទៃ ក្នុងការ បង្ក្រាប បទល្មើស ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ។
ជុំវិញរឿងនេះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា
មិនមាន ដូចករណី ដូចការសរសេរបង្ហោះ នេះទេ ហើយការអ្នកដែលផ្តល់ព័ត៌មាន មិនពិតបែបនេះ គឺជាការញុះញង់ ឲ្យមានការរើសអើងហើយ សូមបញ្ជាក់ថា បើ ឈ្មោះ តួ នេះ បានកាង ឬប្រព្រឹត្តបទល្មើស ផ្សេងៗ ខ្ញុំបាទមិនការពារទេ សូមជួយចាប់និងបង្ក្រាប ហើយរាយការណ៍ដល់រូបខ្ញុំផងដើម្បីមានវិធានការ លើបុគ្គល ដែលប្រព្រឹត្ត បទល្មើស ។
លោកអ៊ុក កុសល បន្តថា ហើយបញ្ហា ការពឹង ឲ្យជួយបើកបរ ពឹងពាក់សាច់ញាតិ ជួយ វាជារឿងធម្មតាសម្រាប់ការជួយ នៅពេលដែល យើងជាប់មានធុរៈ កិច្ចការច្រើន ។ល។
លោកស្នងការបញ្ជាក់ទៀតថា- បើ សមត្ថកិច្ចណា ដែលត្រូវបានលោក តួ នេះ កៀបសង្កត់ ឬបញ្ជាក់ថាយកអំណាចទៅធ្វើផ្តេសផ្តាស នោះ សូមមេត្តា ជួយផ្តល់ព័ត៌មានមកខ្ញុំដោយសេចក្តីអនុគ្រោះ ផងចុះ ។
គួបញ្ជាក់ថាបណ្ដាញសារព័ត៌មានមួយបានផ្សាយយ៉ាងដូច្នេះថា ខ្សឹបដាក់ត្រចៀក៖ (តៃកុងរថយន្ត លោកស្នងការខេត្តកំពង់ធំ មានអំណាចធំធេង)
គេរាយការណ៍ថា លោក ប៉ាង សុធារិទ្ធ ហៅតួ ជាអ្នកបើករថយន្តឲ្យលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលមិនមានក្របខ័ណ្ឌជាមន្ត្រីនគរបាល មានអំណាចធំជាង អាជ្ញាធរមានសមត្ថកិច្ចដទៃ ក្នុងការ បង្ក្រាប បទល្មើស ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ។ ក្រៅពីនោះ គឺលោក ក៏ជាអ្នកកាងរថយន្តដឹកជ្រូកមកពីប្រទេសថៃ, មាន់, គោ… ។ មន្ត្រីជំនាញ ដែលមានបំណងបង្ក្រាប បទល្មើ សដូចជា ជ្រូក, មាន់, ទា សុទ្ធតែត្រូវឆ្លងការអនុញ្ញាត ពីលោក ប៉ាង សុធារិទ្ធ ហៅ តួ នេះទាំងអស់ ។ អ្វីដែលញាំងឲ្យលោក ប៉ាង សុធារិទ្ធ កាន់តែមានអំណាចខ្លាំង គឺឥទ្ធិពលជាអ្នកបើករថយន្ត ជូនលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដូច្នេះ សូម្បីតែមន្ត្រីនគរបាលជំនាញ ក៏ញញើតនឹងលោក ប៉ាង សុធារិទ្ធ ដែរ ។

ថ្មីៗនេះ មានករណីចាប់ឈើ ហើយយកទៅដាក់នៅផ្ទះលោកស្នងការ ដែលករណីនេះ ញាំងឲ្យមានការរំជើបរំជួល យ៉ាងខ្លាំង នៅក្នុងចំណោម មន្ត្រីនគរបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ ប៉ុន្តែលោកប៉ាង សុធារិទ្ធ អះអាងថា ឈើនោះត្រូវយកទៅធ្វើផ្ទះលោកស្នងការ ។ ឈ្មួញ រកស៊ីឈើ ដែលត្រូវឆ្លងកាត់ខេត្តកំពង់ធំ ដូចជាចេញពីខេត្តសៀមរាប ឬខេត្តព្រះវិហារ ត្រូវតែឆ្លងការយល់ព្រមពីលោក ប៉ា សុធារិទ្ធ ជាមុនសិន ។ ពួកឈ្មួញរកស៊ីឈើនៅខេត្តព្រះវិហារ ក៏ដូចជាខេត្តសៀមរាប ដែលត្រូវដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ សុទ្ធតែត្រូវការ ទាក់ទង លោកប៉ាង សុធារិទ្ធ ជាមុនសិន មុនចេញដំណើរ ។ បើមិនដូច្នោះទេ នឹងត្រូវលោកប៉ាង សុធារិទ្ធ បញ្ជាឲ្យសមត្ថកិច្ចចាប់ឈើ យកខ្ទេចខ្ទីមិនខានឡើយ ។ រឿងបែបនេះធ្លាប់កើតមានហើយ ។

ក្រុមន្ត្រីជំនាញ ផ្នែកសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មិនត្រូវបានអនុញ្ញាតឲ្យចេញធ្វើការងារ ដើម្បីបង្ក្រាបបទល្មើស នោះឡើយ ។ មានតែលោកប៉ាង សុធារិទ្ធ ហៅ តួ ដែលជាអ្នកបើកបររថយន្តឲ្យលោកស្នងការនគរបាលខេត្តកំពង់ធំប៉ុណ្ណោះ ដែលមាន អំណាច ក្នុងការបង្ក្រាប និងបញ្ជា ។ អ្វីដែលពិសេស គឺលោកប៉ាង សុធារិទ្ធ ត្រូវគេរាយការណ៍ថា គ្រាន់តែជាជនស៊ីវិល ដែល មានភារកិច្ច ជា អ្នកបើកបររថយន្តជូនលោកស្នងការនគរបាលខេត្តកំពង់ធំតែប៉ុណ្ណោះ ។ រឿងរ៉ាវអំណាចធំជាងមេឃ របស់លោក តួធ្វើឲ្យមន្ត្រីនគរបាល មានសមត្ថកិច្ចនានា (នគរបាលសេដ្ឋកិច្ច) នៅក្នុងខេត្តកំពង់ធំ មានប្រតិកម្ម ហើយ អាចនឹងផ្ទុះរឿង ប្រសិនបើលោកស្នងការនៅតែ បណ្តែតបណ្តោយ ឲ្យជនក្រៅអំណាច ក្រៅច្បាប់ ធ្វើអ្វីៗស្រេចតែនឹងចិត្តតទៅទៀតនោះ ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,937 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,775 នាក់