ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះ មេដឹកនាំកម្ពុជា អញ្ជើញទៅ ប្រទសចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:18 ព្រឹក អ្នកអាន 696

មេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកនេះ បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមកម្មវិធី នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។

បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។
នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។

នាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសកលវិទ្យាល័យប៉េកាំង ហើយក្នុងឱកាសដ៏ឧត្តុងឧត្តមនោះនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,054 នាក់
ម្សិលមិញ : 86,077 នាក់
សរុប : 83,565,358 នាក់