ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ ពលរដ្ឋ នៅក្រុងសៀមរាប សាទរចំពោះ ការកាត់ខ្សែកាប្លិ៍អាកាស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:39 ព្រឹក អ្នកអាន 1373

ខេត្តសៀមរាប៖ករណីមន្ត្រីចម្រុះបន្តចុះកាត់ខ្សែអាកាសតាមដងផ្លូវ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៤ខែមេសាម្សិលមិញ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប លោក សុខ សីហា បានថ្លែងថា សម្រាប់ការចុះអនុវត្តន៍ការងារនេះ ក្រុមការងារចម្រុះពុំមានជួបបញ្ហាប្រឈមនាំឱ្យរាំងស្ទះពីប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននិងអាជីវកម្មនៅតាមដងផ្លូវនោះទេ ផ្ទុយទៅវិញពួកគាត់ បានសម្តែងការពេញចិត្ត និង បានសំណូមពរ សុំកាត់ឱ្យបានស្អាតល្អដើម្បីសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់សម្រាប់ទីក្រុងទេសចរណ៍របស់យើងទាំងអស់គ្នា ប៉ុន្តែបញ្ហាប្រឈមនោះ គឺបណ្តាញខ្សែ កាប ស្ពាន់របស់ក្រុមហ៊ុនខាំមីនតែល នៅសល់៣ខ្សែឆ្លងកាត់ផ្លូវស៊ីវត្ថាត្រង់ចំណុចភ្លើងស្តុបឡាប៉េ , មុខសណ្ឋាគារសោមាទេវី និងចំណុចមុខសណ្ឋាគារសិនជូរី ខណៈដែលបណ្តាញខ្សែភ្លើងអគ្គិសនីចូលផ្ទះអតិថិជន ក៏មិនទាន់បានរៀបរយបានល្អនៅឡើយដែរ ។

លោក សុខ សីហា ថា ចំពោះទិសដៅការងារបន្ទាប់ទៀត យើងនឹងអញ្ជើញប្រតិបត្តិករផ្គត់ផ្គង់សេវាទូរគមនាគមន៍ទាំងអស់ មកប្រជុំពិភាក្សា ដើម្បីកំណត់បញ្ហាប្រឈម និងលើកយកចំណុចផ្លូវគោលដៅសម្រាប់ត្រៀមអនុវត្តបន្តតាមផែនការ ហើយក្រុមការងារ នឹងចុះអនុវត្តន៍បន្តតាមតារាងពេលវេលាកំណត់ ព្រោះថាក្រុមការងារចុះអនុវត្តន៍កាត់បណ្តាញខ្សែកាប្លិ៍ ប្រើរយៈពេល១ខែ ក្នុងផ្លូវមួយខ្សែ ក្នុងនោះ រយៈពេលពី៣ទៅ៤ថ្ងៃសម្រាប់កាត់ទម្លាក់ខ្សែ និង រយៈពេលនៅសល់ ទុកឱកាសឱ្យបណ្តាក្រុមហ៊ុនមានក្រុមហ៊ុនទូរស័ព្ទ , ក្រុមហ៊ុនខ្សែកាបទូរទស្សន៍ជាដើម។ល។ ដែលប្រើប្រាស់ខ្សែកាប្លិ៍អាកាស ដើម្បីពួកគាត់រៀបចំបណ្តាញក្នុងក្រុងមករត់ក្រោមដីវិញ ។

គួបញ្ជាក់ថា យោងទៅតាមសេចក្តីជូនដំណឹងលេខ៥៣៣ ស.ជ.ណ ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ ស្តីពីការរៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈបណ្តាញខ្សែអាកាសក្នុងក្រុងសៀមរាបនោះ គិតចាប់ពីខែសីហាឆ្នាំ២០១៨ ដល់ខែចុងខែមេសាឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាបអាកាស បានចំនួន១១ ផ្លូវហើយ សរុបប្រវែងមានជាង ២៨គីឡូម៉ែត្រ ក្នុងនោះមានដូចជាផ្លូវ លោក តាណឺយ, តំបន់ជុំវិញផាប់ស្រ្ទីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ, កំណាត់ផ្លូវ ៦០ម៉ែត្រ រហូតដល់កែងផ្លូវហ្សាដឺហ្គោល, កំណាត់ផ្លូវកូម៉ៃ ចាប់ពីចំណុចផ្លូវបំបែក អ៩០ រហូតដល់វត្តថ្មី, និងកំណាត់ផ្លូវ ៧មករា ចាប់ពីផ្លូវក្រវ៉ាត់ក្រុង រហូតដល់រង្វង់មូលព្រះរាជដំណាក់ខេត្តសៀមរាប ចំណែកតាមបណ្តោយផ្លូវជាតិលេខ៦ គ្រោងនឹងក្រោយគេបង្អស់ ព្រោះផ្លូវនេះជាបណ្តាញមេទាំងអស់ក្នុងក្រុងសៀមរាប ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,991 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,829 នាក់