ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្ដៅបន្ទាន់! អភិបាលខេត្តសៀមរាប ចេញបទបញ្ជា លុបបំបាត់ ការដឹកជញ្ជូនដី អាណាធិបតេយ្យ ចូលក្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:17 ល្ងាច អ្នកអាន 4718

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការក្តៅជាបន្ទាន់ ក្នុងការលុបបំបាត់នូវភាពអាណាធិបតេយ្យរថយន្តដឹកជញ្ជូនដីចូលក្រុង មិនគោរពការណែនាំរបស់ខេត្ត។

បន្ទាប់ពីបានដាក់បញ្ជានៅរសៀលថ្ងៃទី ២៥ ខែមេសានេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ចុះធ្វើការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតត្រង់ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការនេះសង្កេតឃើញថា មានរថយន្តមួយចំនួន បានចូលមកឲ្យធ្វើការត្រួតពិនិត្យ ពីក្រុមគណៈកម្មការចម្រុះខេត្ត ហើយមួយចំនួនក៏បានធ្វើការបើកគេចពីសមត្ថកិច្ច ធ្វើការត្រួតពិនិត្យទៀតផង ។ ក្នុងនោះដែរក្រុមការងារទៅតាមជំនាញ ក៏បានធ្វើការអប់រំ ណែនាំ ដល់អ្នកបើកបរ ឬ ម្ចាស់រថយន្ត ក៏ដូចក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ បានដឹកជញ្ជូនចេញពីការដ្ឋានរ៉ែ ឆ្ពោះទៅកាន់គោលដៅ ក្នុងបំណងពាណិជ្ជកម្មរបស់ខ្លួន ដែលបានបង្កឲ្យមានការប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ និង ការដឹកជញ្ជូនហួសការកំណត់ ដែលធ្វើឲ្យធ្លាក់ជ្រុះនៅតាមដងផ្លូវ និង ប៉ះពាល់សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ ព្រមទាំងបង្កដល់គ្រោះថ្នាក់ទៀតផង ។

ហេតុការនេះឃាត់នូវរថយន្តបានចំនួន ១៣គ្រឿង ក្នុងនោះរថយន្តអត់មានឈៀក ចំនួន ០៤គ្រឿង ដែលបានដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម ) ដែលខុសលក្ខណ:បច្ចេកទេស ដូចជាដឹកលើសទម្ងន់ ហៀរកម្ពប់ធ្លាក់តាមដងផ្លូវ ។ ជាមួយគ្នានេះធ្វើតេសទឹកនោម ចំពោះអ្នកបើកបរទាំង១៣រថយន្ត ដោយរកឃើញមានអ្នក ផ្ទុកសារធាតុញៀនក្នុងខ្លួន ១នាក់ ធ្វើការឃាត់ខ្លួន ដើមី្បធ្វើការបញ្ជូនខ្លួនទៅកាន់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនផងដែរ ។

ចំពោះអ្នកគ្មានសារធាតុញៀនក្នុងខ្លួន ធ្វើការណែនាំឲ្យបានយល់អំពី ច្បាប់ក្នុងការដឹកជញ្ជូនធនធានរ៉ែ ច្បាប់ធ្វើអាជីវកម្ម និង ត្រូវធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍ និង ភ្លើងបំភ្លឺផ្លូវឲ្យបានគ្រប់លក្ខណៈ ព្រមទាំងបានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់រថយន្ត ហើយឲ្យយករថយន្តត្រឡប់ទៅកាន់ការដ្ឋានវិញ ដើម្បីកាយទំលាក់អាចម៌ដីដែលលើសនោះ ហើយគ្របឲ្យបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេសមុននឹងដឹកចេញពីការដ្ឋានចូលទៅក្នុងក្រុង ។

អ្នកបើកបររថយន្តដឹកជញ្ជូនធនធានរ៉ែទាំងអស់ ពេលដែលរថយន្តរបស់ខ្លួនដឹកជញ្ជូនដីចេញពីការដ្ឋាន មកដល់ផ្លូវជាតិ គឺត្រូវធ្វើការបោសជម្រះដីនៅជាប់រថយន្ត មុនពេលបន្តដំណើរដឹកជញ្ជូនចូលទៅក្នុងក្រុង ដើមី្បជៀសវាងការធ្លាក់ដីនៅតាមដងផ្លូវ ដែលធ្វើឲ្យខូចនូវសោភណ្ឌភាពក្រុង។

គួបញ្ជាក់ថា ភាពភាពអាណាធិបតេយ្យ ចំពោះរថយន្ត និង គោយន្តកែច្នៃដឹកដី ដែលមិនគោរពទៅតាមការណែនាំរបស់ អាជ្ញាធរ ខេត្ត ក្រុង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន អនាម័យសុខភាពនៅតាមដងផ្លូវ ដោយការធ្លាក់ដីដែលជាប់កង់រថយន្ត និង ដឹកដី ពេលហៀរធ្លាក់ពីរថយន្តតាមដងផ្លូវ ដែលបង្កឲ្យមានធូលីហុយនៅតាមដងផ្លូវជាតិលេខ៦ និង ដងវិថីមួយចំនួនក្នុងក្រុងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ទៀតផង ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,680 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,090 នាក់