ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មួញមានអំណាច កំពុងកាយ ត្រពាំងបុរាណ ក្នុងតំបន់១ របស់អប្សរា យ៉ាងគគ្រឹកគគ្រេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:35 ព្រឹក អ្នកអាន 1861

ខេត្តសៀមរាប៖ឈ្មួញមានអំណាច កំពុងតែធ្វើសកម្មភាព កាយត្រពាំងបុរាណ និងដឹកអាចមិ៍ដី ចេញយ៉ាងគគ្រឹកគគ្រេងបំផុត ដោយមានការអនុញាត ពីអាជ្ញាធរអប្សរា។

ទីតាំងកំពុងកាយនេះ នៅត្រពាំងបុរាណ(ត្រពាំងខ្មោច) ដែលស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ ស្ថិតនៅក្នុងតំបន់ការពារទី១នៃឧទ្យានអង្គរ។ តំបន់អង្គរជាសម្បត្តិបេភណ្ឌពិភពលោក និងជាដីទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ដែលអាជ្ញាធរអប្សរាមានភារកិច្ច កាតព្ធកិច្ចត្រូវគ្រប់គ្រងថែរក្សាការពារ និងអភិវឌ្ឍ ប្រកបដោយចីរភាព។ត្រូវបានគេមើលឃើញថា មានរថយន្តជាច្រើនគ្រឿង ដឹកជញ្ជូនអាចមិ៍ដី ចេញពីទីតាំង ខាងលើ។

យោងតាមលិខិតមួយ របស់អាជ្ញាធរអប្សរា ចុះថ្ងៃទី១ខែកុម្ភ:ឆ្នាំ២០១៩ មានចុះហត្ថលេខាដោយលោកហង់ ពៅ អគ្គនាយកស្ដីទី បានជម្រាបជូន លោកង៉ា ចុង ចៅសង្កាត់នគរធំ។កម្មវត្ថុ៖សំណើរសុំបន្តការដ្ឋានស្ដារត្រពាំងបុរាណ(ត្រពាំងខ្មោច)ឡើងវិញ ដែលស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។

នៅក្នុងលិខិតបានបញ្ជាក់ថា ត្រូវស្ដារក្នុងជម្រៅ១.៥ម៉ែត្រ ដោយមានការគ្រប់គ្រង ត្រួតពិនិត្យបច្ចេកទេស និងផ្ដល់យោបល់ទៀងទាត់ពីនាយករដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។

បើទោះបីត្រពាំងខ្មោចនេះត្រូវបានស្ដាររួចរាល់ មិនអនុញាតឲ្យអាជ្ញាធរសង្កាត់យកទីតាំងត្រពាំងបុរាណនេះរៀបចំជាកន្លែងលក់ដូរប្រកបអាជីវកម្មផ្សេងនៅតាមខ្នងត្រពាំងឬចិញ្ចឹមត្រីក្នុងត្រពាំងឡើយ។
អនុញាតឲ្យក្រុមហ៊ុនបម្រើការងារដឹកជញ្ជូនអាចមិ៍ដីស្ដារត្រពាំងតាមផ្លូវកៅស៊ូនៅពេលយប់បានចាប់ពីម៉ោង៨យប់ដល់១១យប់ ដោយក្រុមហ៊ុនទទួលខុសត្រូវក្នុងការសំអាតតាមដងផ្លូវ។
ការងារស្ដារត្រពាំងបុរាណ(ត្រពាំងខ្មោច)នេះត្រូវបញ្ចប់ក្នុងខែមេសាឆ្នាំ២០១៩ជាកំហិត។ក្រុមហ៊ុន ដែលកំពុងកាយត្រពាំងបុរាណ នេះ ឈ្មោះ សករាជ ខនស្ត្រាក់សិន។

គួបញ្ជាក់ថាដី ដែលស្ថិតនៅក្នុងការគ្រប់គ្រង ដោយអាជ្ញាធរអប្សរា គឺមិនអនុញាតឲ្យមានការសាងសង់ផ្ទះ ឈូសឆាយ ធ្វើសំណង់ទន់ឬរឹងឡើយ។ ឬធ្វើជាទ្រុងមាន់ ទ្រុងជ្រូក បង្កន់ ក៏ដោយគឺអាជ្ញាធរអប្សរា មិនអនុញាតឲ្យធ្វើឡើយ។ ហើយទៀតសោតកន្លងទៅ អាជ្ញាធរអប្សរា បានបើកការវាយកំទេចផ្ទះប្រជាពលរដ្ឋ រាប់រយខ្នង ដោយអះអាងថាធ្វើដោយខុសច្បាប់ នៅក្នុងតំបន់គ្រប់គ្រងដោយអប្សរា។
ជុំវិញការកាយត្រពាំងបុរាណ(ត្រពាំងខ្មោច)នេះ ត្រូវបានមហាជនយល់ឃើញថា
អាចជាលេស ក្នុងការឃុបឃិតគ្នា ដើម្បីយកអាចមិ៍ដី លក់ តែប៉ុណ្ណោះ។

ជុំវិញករណីនេះម្ចាស់ក្រុមហ៊ុន សករាជ ខនស្ត្រាក់សិន បានប្រាប់តាមទូរសព្ទថា ការកាយត្រពាំងនោះ គឺលោកបានដោះស្រាយគោលនយោបាយឲ្យប្រជាពលរដ្ឋចំនួន១៤គ្រួសារ ។ ដីនោះមានទំហំជាង៦ហិកតា។ ការកាយនោះមានការអនុញាតពីសង្កាត់។ បើចង់ដឹងច្បាស់សូមសួរទៅសង្កាត់។ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកង៉ា ចុង ចៅសង្កាត់នគរធំ ដើម្បីបកស្រាយបាននៅឡើយទេ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,285 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,344,983 នាក់