ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរអប្សរា ឆ្លើយតប ទៅនឹងការផ្សាយ របស់សារព័ត៌មាន សៀមរាបប៉ុស្ដិ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:39 ព្រឹក អ្នកអាន 1281

ខេត្តសៀមរាប៖បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនូវអត្ថបទមួយ ដែលមានចំណង់ជើងថា( ឈ្មួញមានអំណាច កំពុងកាយ ត្រពាំងបុរាណ ក្នុងតំបន់១ របស់អប្សរា យ៉ាងគគ្រឹកគគ្រេង)។ អាជ្ញាធរអប្សរា សូមធ្វើការឆ្លើយតបទៅនឹង អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ដែលបានចេញផ្សាយ។

លោកឡុង កុសល អ្នកនាំពាក្សអាជ្ញាធរអប្សរា បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ យ៉ាងដូច្នេះថា ខ្ញុំសុំបំភ្លឺ ជុំវិញការស្ដារត្រពាំងបុរាណ ក្នុងភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប។ ត្រពាំងនេះ គេហៅថាត្រពាំងខ្មោច។ ត្រពាំងនេះ សង្កាត់នគរធំ បានធ្វើលិខិតស្នើសុំមកអាជ្ញាធរអប្សរា តាំងពីឆ្នាំ២០១៦ ដើម្បីស្ដារត្រពាំងនេះឡើងវិញ។ បន្ទាប់ពីខាងអាជ្ញាធរអប្សរាបានចុះទៅពិនិត្យ និងធ្វើកំណាយបុរាណវិទ្យាបង្ការ ដើម្បីស្រង់យកទិន្ទន័យនិងព័ត៌មានពាក់ព័ន្ធ ជាមួយបុរាណវិទ្យា នៅទីកន្លែងនោះ ជាលទ្ធផល ឃើញថា កន្លែងនោះ ជាត្រពាំងបុរាណ ហើយពុំមានស្នាកស្នាមជាសសរគ្រឹះប្រាសាទ នៅទីនោះទេ។ ដូច្នេះហើយនៅដើមឆ្នាំ២០១៨ អាជ្ញាធរអប្សរា បានអនុញាតឲ្យ សង្កាត់នគរធំ ស្ដារត្រពាំង។ ចំណែងភារកិច្ច ស្វែងរកក្រុមហ៊ុន ស្ដារត្រពាំងនោះ ជាភារកិច្ច របស់សង្កាត់នគរធំ ពុំមានពាក់ព័ន្ធ ជាមួយអាជ្ញាធរអប្សរា ទេ។ អ្វីដែលពាក់ព័ន្ធ ជាមួយអាជ្ញាធរអប្សរា ទី១មានការអនុញាតឲ្យមានការស្តារត្រពាំង ទី២ការស្តារត្រពាំងត្រូវ ស្ថិតនៅក្រោមការដឹកនាំបច្ចេកទេស បានន័យថាការស្ដារនេះ ក្រោមការពិនិត្យរបស់អាជ្ញាធរអប្សរា មិនអាចចេះតែស្ដារត្រពាំងបានស្រេចតែចិត្តទេ។ ដោយឡែកជម្រៅត្រពាំងទៀតសោត គឺអនុញាតឲ្យស្ដារតែមួយម៉ែត្រកន្លះទេ។ ពាក់ព័ន្ធជាមួយប្រជាជន គឺសាលាសង្កាត់ ជាអ្នកសម្របសម្រួលកិច្ចការ ជាមួយប្រជាពលរដ្ឋ។ ដោយសារត្រពាំងនោះវាគោក ទើបកន្លងទៅប្រជាពលរដ្ឋ ធ្វើស្រែនៅទីនោះ។ អីចឹងដើម្បីបានស្ដារត្រពាំង គឺសាលាសង្កាត់ និយាយជាមួយប្រជាពលរដ្ឋ។

លោកឡុង កុសល បន្តថាអំពីគោលបំណង នៃការអនុញាតឲ្យស្ដារនោះ ទី១ដោយសារកន្លងមកនេះ មានការ ទន្ទ្រានយកដី ចូលកាន់កាប់ជាកម្មសិទ្ធឯកជន ពីសំណាក់បងប្អូនជាពលរដ្ឋ មួយចំនួនទៅលើត្រពាំងបុរាណ ទីបុរាណ។ អីចឹងជាវិធានការ ការពារមួយ ដើម្បីឲ្យកន្លែងនោះ នៅជាត្រពាំងចាំបាច់ត្រូវសារ។ ទី២គឺតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺជំរុញឲ្យការស្ដារ នៅទីតាំងស្តុកទឹកទាំងអស់នៅជុំវិញ ព្រះរាជាណាកម្ពុជា ដើម្បីធ្វើយ៉ាងណា រក្សាទុកទឹកទុក ប្រើប្រាស់ក្នុងសហគមន៍។

គួបញ្ជាក់ថា ក្រុមហ៊ុន សករាជ ខនស្ត្រាក់សិន បានធ្វើសកម្មភាព កាយត្រពាំងបុរាណ និងដឹកអាចមិ៍ដី ចេញយ៉ាងគគ្រឹកគគ្រេងបំផុត នៅត្រពាំងបុរាណ(ត្រពាំងខ្មោច) ដែលស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ ស្ថិតនៅក្នុងតំបន់ការពារទី១នៃឧទ្យានអង្គរ។ ត្រូវបានគេមើលឃើញថា មានរថយន្តជាច្រើនគ្រឿង ដឹកជញ្ជូនអាចមិ៍ដី ចេញពីទីតាំង ខាងលើ។ ការងារស្ដារត្រពាំងបុរាណ(ត្រពាំងខ្មោច)នេះត្រូវបញ្ចប់ក្នុងខែមេសាឆ្នាំ២០១៩នេះ ជាកំហិត។

សូមបញ្ជាក់ថាដី ដែលស្ថិតនៅក្នុងការគ្រប់គ្រង ដោយអាជ្ញាធរអប្សរា គឺមិនអនុញាតឲ្យមានការសាងសង់ផ្ទះ ឈូសឆាយ ធ្វើសំណង់ទន់ឬរឹងឡើយ។ ហើយទៀតសោតកន្លងទៅ អាជ្ញាធរអប្សរា បានបើកការវាយកំទេចផ្ទះប្រជាពលរដ្ឋ រាប់រយខ្នង ដោយអះអាងថាធ្វើដោយខុសច្បាប់ នៅក្នុងតំបន់គ្រប់គ្រងដោយអប្សរា។ ជុំវិញការកាយត្រពាំងបុរាណ(ត្រពាំងខ្មោច)នេះ ត្រូវបានមហាជនយល់ឃើញថា
អាចជាលេស ក្នុងការឃុបឃិតគ្នា ដើម្បីយកអាចមិ៍ដី លក់ តែប៉ុណ្ណោះ។

ជុំវិញករណីនេះម្ចាស់ក្រុមហ៊ុន សករាជ ខនស្ត្រាក់សិន បានប្រាប់តាមទូរសព្ទថា ការកាយត្រពាំងនោះ គឺលោកបានដោះស្រាយគោលនយោបាយឲ្យប្រជាពលរដ្ឋចំនួន១៤គ្រួសារ ។ ដីនោះមានទំហំជាង៦ហិកតា។ ការកាយនោះមានការអនុញាតពីសង្កាត់។ បើចង់ដឹងច្បាស់សូមសួរទៅសង្កាត់។
អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកង៉ា ចុង ចៅសង្កាត់នគរធំ ដើម្បីបកស្រាយបាននៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 79,978 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,858,816 នាក់