ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយា អភិបាលខេត្តសៀមរាប សំណូមពរ ឲ្យមានការចូលរួម ដាំដុះកូនឈើឡើងវិញ និងត្រូវបញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើជាកម្មសិទ្ធិ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:00 ព្រឹក អ្នកអាន 735

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្ត បានសំណូមពរ និង អំពាវនាវដល់អាជ្ញាធរ កម្លាំង សមត្ថកិច្ចមូលដ្ឋាន សិស្សានុសិស្ស យុវជនកាកបាទក្រហម រួមទាំងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការ ការដាំដុះកូនឈើឡើងវិញ និង ត្រូវបញ្ឈប់ការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ ដោយការបាត់បង់នូវធនធានធម្មជាតិនេះហើយ ដែលធ្វើឲ្យភពផែនដីយើង មានការប្រែប្រួលអាកាសធាតុ និង រងគ្រោះដោយបាតុភូធម្មជាតិ ដោយខ្យល់កន្ទ្រាក់ រន្ទះបាញ់ និង ធ្វើឲ្យមានភាពរាំងស្ងួត ព្រមទាំងធ្វើឲ្យអាកាសធាតុក្តៅ និង ខ្វះខាតទឹកប្រើប្រាស់ទៀតផង ។

លោកជំទាវ ទាង អេង ទៀសីហា មានប្រសាសន៍យ៉ាងដូច្នេះនាពេលបានអញ្ជើញចុះជួបសំណេះ សំណាល និង នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និង អគ្គីភ័យ ចំនួន ១៤គ្រួសារ មកពី៣ភូមិ ក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ពិធីនេះធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកស្វាយលើ ។ កាលពីនៅរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០១៩កន្លងទៅនេះ។

លោក ស៊ិក ប៊ុនស៊ិន ប្រធានអនុសាខាកាកបាទក្រហមស្រុកស្វាយលើ បានរាយកាណ៍ឲ្យដឹងថា បងប្អូនរងគ្រោះទាំង ១៤គ្រួសារ មកពី៣ភូមិ របស់ឃុំ តាសៀម ស្រុកស្វាយលើ ដោយទទួលរងគ្រោះខ្យល់កន្ទ្រាក់ និង អគ្គីភ័យ ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ដែលធ្វើឲ្យរលំផ្ទះ១ខ្នង និង របើកដំបូលថ្ងន់ធ្ងរ ១២ខ្នង ព្រមទាំងឆេះផ្ទះ ១ខ្នង ដោយសារកូនធ្វើឲ្យធ្លាក់ដបសាំងបែក ហើយបានឆាបឆេះនឹងភ្លើងចង្ក្រានហ្គាស ឆេះគ្មានសល់អ្វីឡើយ ព្រមទាំងធ្វើឲ្យឪពុកនិងកូនរងរបួស ដោយរលាកភ្លើង ។

លោកជំទាវ ទាង អេង ទៀសីហា បានបន្ថែមទៀតថា ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងការខូចខាត របស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។

ក្នុងនោះដែរលោកជំទាវ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ន នៅពេលដែលមានប្រធានស័ក្តណាកើតឡើង សូមឲ្យបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និង មានភ្លៀង ផ្គររន្ទះ សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចដែលងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន ។ ម៉្យាងទៀតក្នុងពេលនេះជារដូវក្តៅ សូមបងប្អូនយកចិត្តទុកដាក់ ចំពោះកូនតូចៗរបស់ខ្លួន កុំឲ្យមានជម្ងឺសង្កាត់ សំខាន់ចំពោះភ្លើងផ្សែង នារដូវប្រាំងនេះ ព្រមទាំងធ្វើការដាំដុះនូវដំណាំរួមផំ្ស ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ ព្រមទាំងត្រៀមលក្ខណៈនូវឧបករណ៍កសិកម្ម ក្នុងការភ្ជួររាស់ ព្រោះថារដូវវស្សានឹងចូលមកដល់ហើយ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះ ចំពោះគ្រួសាររលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល , គ្រួសារភ្លើងឆេះផ្ទះ ទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ,ចាន ៥ , ស្លាបព្រា ៥ ,ឆ្នាំង១ , កន្ទេល១, ធុងទឹក១គូ អង្ករ៣០គីឡូក្រាម ថវិកាថវិកា១សែន៥ម៉ឺនរៀល ។
ចំពោះគ្រួសារប៉ះពាល់ធ្ងន់មួយគ្រួសារ, មុង១,ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល ។ ក្នុងនោះសមាជិកប្រតិភូក៏បានឧបត្ថម្ភដល់គ្រួសារភ្លើងឆេះផ្ទះ និង រលំផ្ទះ ១គ្រួសារ ៥០ដុល្លា និង គ្រួសាររបស់ដំបូលផ្ទះ ១គ្រួសារ ២០ដុល្លាផងដែរ ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,626 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,588,643 នាក់