ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «សារព័ត៌មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិមាតុភូមិ, ពិភពលោកសន្តិភាពនិង យុត្តិធម៌»

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:19 ព្រឹក អ្នកអាន 595

 សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅគ្រប់ទិសទីជុំវិញពិភពលោកសម្តែងការអបអរសារទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ដោយយកទិវាឆ្នាំនេះ សូមលើកទឹកចិត្តអ្នកសារព័ត៌មានប្រកាន់ស្មារតី៖ «សារព័ត៌មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិ ពិភពលោកសន្តិភាពនិងយុត្តិធម៌»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូម យកឱកាសនេះ លំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធនិង វីរភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ដែលបានធ្វើពលិកម្មដើម្បី បុព្វហេតុសេរីភាពសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការកត់សំគាល់ថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពពហុប៉ូល និងកំពុងប្រឈមនឹងជម្លោះភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាចឥតឈប់ឈរ ដែលងាយបង្ករជាផលវិបាកដល់ប្រទេសតូច និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងស្ថានការណ៍នេះ សារព័ត៌មាន ក៏ត្រូវបានបំភ័ន្ត និងប្រើប្រាស់ជាអំណាចទន់ជួរមុខ បម្រើដល់ផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយផង ជាឧបករណ៍នៃសមរភូមិសាធារណៈមតិផង។ ពេលខ្លះសារព័ត៌មានបានរអិលចូលក្នុងឧបាយកលបំភ័ន្តការយល់ដឹង ការគិត និងការសម្រេចចិត្តរបស់ប្រជាជនជាម្ចាស់ប្រទេសនីមួយៗផងដែរ។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ បង្កើតឲ្យមានការរីកសាយភាយ ព័ត៌មានក្លែងក្លាយ បំផុសបដិវត្តន៍ពណ៌ ការញុះញុងបែកបាក់សង្គមជាតិ និងសង្គ្រាមស៊ីវិលរាំរ៉ៃ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដោយយល់ឃើញពីបរិបទខាងលើនេះ «សូមលើកទឹកចិត្តដល់អ្នកសារពត៌មានទាំងអស់ ខិតខំពង្រឹងនិងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលមានតម្លៃបម្រើដល់ផលប្រយោជន៍មនុស្សជាតិ ឲ្យគេចផុតពីហាយនភាព និងសង្គ្រាម តាមរយៈការប្រើប្រាស់តួនាទីផ្សព្វផ្សាយតែព័ត៌មានត្រឹមត្រូវ ជាពិសេស ចាប់យកការតម្កល់ឧត្តមប្រយោជន៍ជាតិរបស់ខ្លួនជាចម្បងបំផុត។ ដរាបណា តួនាទីវិជ្ជាជីវៈរបស់អ្នកមានតម្លៃ បានជួយដល់ប្រទេសជាតិអ្នកឲ្យថ្កុំថ្កើងរុងរឿងក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាព នោះគឺអ្នកបានរួមចំណែកជាពន្លឺដល់មនុស្សជាតិនៃពិភពលោកទាំងមូលរស់នៅក្នុងសន្តិភាពនិងយុត្តិធម៌ផងដែរ។ យើងឲ្យតម្លៃប្រទេសជាតិរបស់យើងជាមុន នោះទើបអ្នកដទៃឲ្យតម្លៃយើងនិងគោរពប្រទេសជាតិមាតុភូមិយើងដែរ។ ការផ្សព្វផ្សាយលើកតម្កើងប្រទេសជាតិរបស់ខ្លួន គឺគ្មានអ្វីខុសទេ ពោលក៏មិនប្រាស់ចាកវិជ្ជាជីវៈនិងមិនបាត់បង់ឯករាជ្យរបស់ខ្លួននោះដែរ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានមោទនភាពចំពោះ ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានអារ្យធម៌ខ្ពង់ខ្ពស់ និងវប្បធម៌សម្បូរបែប ហើយកំពុងក្លាយជាប៉ូលទេសចរណ៍មួយរបស់ ពិភពលោក។ ប្រទេសកម្ពុជា មានការឯកភាពទឹកដី ដែលមិនធ្លាប់មានជាង៤០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព ដែលផ្តល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនបានរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យគុណភាពជីវិតរបស់ប្រជាជនកម្ពុជាកាន់តែប្រសើឡើង។ នេះគឺជាមោទនភាពរួមរបស់ប្រជាជាតិកម្ពុជា ដែល អ្នកសារព័ត៌មាន ត្រូវប្រើប្រាជ្ញាញាណរួមចំណែកលើកតម្កើងបង្ហាញកម្ពុជា ជាប្រទេសមានសន្តិភាពជាអចិន្ត្រៃយ៍ ប្រជាធិតេយ្យ វិបុលភាព និង សមធម៌។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា នៅមានបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មានរួមមានទាំងបញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ លំហរសេរីភាព និងសិទ្ធិទទួលបានព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ដោយ ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តជម្នះការប្រឈមនានាតទៅទៀត បន្តធ្វើការងារដោយឈរលើភាពត្រឹមត្រូវ ស្មោះត្រង់ សីលធម៌ វិជ្ជាជីវៈ សុច្ចរិតភាព និងដោយគ្មានការភ័យខ្លាច។ សារព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យា ពិតជាប្រឈមជាមួយការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ។ ក៏ប៉ុន្តែ យើងត្រូវមានជំនឿថា ព័ត៌មានក្លែងក្លាយ នឹងបាត់តម្លៃហើយស្លាប់ នៅពេលព័ត៌មានពិតបានបញ្ចេញ។ ទីបំផុត គឺមានតែព័ត៌មានពិត គឺជាអំណាច ដែលមានគុណតម្លៃរួមចំណែក កសាងទំនួលខុសត្រូវសង្គម ជាមូលដ្ឋានសម្រាប់ការកសាងគោលនយោបាយជាតិ ជាមូលដ្ឋាននៃការសម្រេចចិត្តត្រឹមត្រូវ ជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហានានា ធ្វើឲ្យសង្គមជាតិដើរទៅមុខលើផ្លូវត្រូវ ពិភពលោកមានសុខដុមរមនា សន្តិភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងសមធម៌៕SR

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,855 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,082 នាក់