ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តសៀមរាប៖ ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹក ដោយចេតនា ត្រូវផ្ដន្ទាទោស ជាប់ពន្ធនាគារពី ០៣ឆ្នាំទៅ ០៥ឆ្នាំ ឬពី ០៥ឆ្នាំទៅ ១០ឆ្នាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 07:00 ល្ងាច អ្នកអាន 774

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានអះអាងថា៖ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ០៣ឆ្នាំទៅ ០៥ឆ្នាំ ឬពី ០៥ឆ្នាំទៅ ១០ឆ្នាំ។

នាថ្ងៃទី០៣ខែឧសភាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំស្ដីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប និងមានការចូលរួមពីមន្ត្រីជាច្រើនរូបទៀត។

គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាការពារធនធានធម្មជាតិ ធនធានព្រៃឈើ ដីព្រៃរបស់រដ្ឋ និងពង្រឹងការអនុវត្តច្បាប់ដូចខាងក្រោម៖

១-ទប់ស្កាត់ការកាប់ឆ្ការ គាស់រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងនាំមកនូវភ្លើងឆេះព្រៃ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវនិងភូមិរបស់ប្រជាពលរដ្ឋ។

២-ទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បីយកឃ្មុំ ការដុតស្ទាក់ចាប់សត្វ និងការដុតវាលស្មៅដើម្បីយកល្បាស់ធ្វើចំណីសត្វពាហនៈ។

៣-ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តសាមី ប្រសិនបើមានករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ព្រៃឈេី ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងៗទៀត ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។

៤-ការពារការប្រើភ្លើងជាមធ្យោបាយ ក្នុងការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងៗទៀត ដូចជា ដុតរណ្ដៅជ័រ ត្រូវណែនាំឲ្យពន្លត់ភ្លើងឲ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើចោះជ័រនោះ ឬទីតាំងដែលប្រើភ្លើងនោះ។

៥-ក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមាន ប្រជាពលរដ្ឋសហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ ល។ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឲ្យមានប្រសិទ្ធភាព។

៦-ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាដែលបានរុករាន ដុតព្រៃ និងកាន់កាប់ព្រៃឈើដែលឆេះហើយ ដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។

-ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ចូលកាន់កាប់ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួច ដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិដុះឡើងវិញតាមលកខណៈធម្មជាតិ។

អនុលោមតាមច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុលត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆាជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋានរៀងៗខ្លួន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 76,030 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,868 នាក់