ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ត្រូវបានលាតត្រដាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 12:53 ល្ងាច អ្នកអាន 711

ភ្នំពេញ៖ទង្វើមិនប្រក្រតី របស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ រហូតមាន ដល់អគ្គនាយកគយ និងរដ្ឋាករ លោកគុណ ញឹម ធ្វើលិខិតកោះហៅ មកកាន់អគ្គនាយកដ្ឋានដើម្បីបំភ្លឺការងារមួយចំនួន។ ករណីអគ្គនាយកកោះហៅមកបំភ្លឺនេះ មិនទាន់មានការអះអាងពីថ្នាក់ដឹកនាំស្ថាប័នគយណាមួយ ថាពាក់ព័ន្ធអ្វីឡើយ។ ប៉ុន្តែជុំវិញរឿងនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងកំពុងតាមដានមើលផងដែរ។

បើយោងតាមលិខិតកោះហៅរបស់លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករចេញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បានកោះហៅ លោក ឈួន សោភា អត្ថលេខ៤៣៦ មានតួនាទីជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ អោយចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ដែលមានទីតាំងនៅអគ្គាវឌ្ឍនៈ កាពីតាល់ នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។ គេមិនទាន់ដឹងថា លោកឈួន សោភា មានកំហុសពាក់ព័ន្ធនឹងការងារអ្វីនោះទេ បានដល់ថ្នាក់អគ្គនាយកកោះហៅ អោយមកបំភ្លឺយ៉ាងប្រញាប់ប្រញាល់បែបនេះ។

លោកឈួន សោភា ត្រូវបានតែងតាំងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ដែលមានទីស្នាក់ការនៅតាមផ្លូវជាតិលេខ៥ក្បែរស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានប្រមាណ១ឆ្នាំមកនេះ គឺលោកឈួន សោភា អាចធ្លាប់ត្រូវបានអគ្គនាយក កោះហៅមកបំភ្លឺចំនួន៣លើកហើយរួមទាំងលើកនេះផង។

បើតាមប្រភពព័ត៌មានពីអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ជិត១ឆ្នាំមុន ក្រោយពីអគ្គនាយកតែងតាំងតួនាទីជាប្រធានគយតំបន់៥នេះ មិនទាន់បានប៉ុន្មានខែផង មានអ្នករកស៊ី និងក្រុមហ៊ុនរថយន្តក្រុង ដែលរត់ពីភ្នំពេញប៉ោយប៉ែតជាច្រើនក្រុមហ៊ុន បាននាំគ្នារាយការណ៍ ពីសកម្មភាពទារលុយក្បាលរថយន្តតាមតែ អំពើចិត្ត មានបង់ក្បាលរថយន្តផង បង់ថ្លៃបាយផង បង់របបមេផង ខណៈដែលរថយន្តក្រុងទាំងអស់នោះ ក្រៅពីដឹកអ្នកដំណើរ មានដឹកទំនិញថែមបន្តិចបន្ទួចតែប៉ុណ្ណោះ។

ចំពោះរថយន្តក្រុងដឹកឥវ៉ាន់លាយជាមួយអ្នកដំណើរ គឺត្រូវបង់អោយក្រុមគយចល័តតំបន់៥ខាងលើពី៦ទៅ ៧លានរៀលក្នុង១ខែសំរាប់រថយន្ត១គ្រឿង ហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដ៍របស់គាត់គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះមន្ត្រីគយ ដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេ ដែលកាលណោះគេស្គាល់ឈ្មោះអឿន និងឈ្មោះរី នោះ នៅឆ្លៀតឲ្យម្ចាស់រថយន្ត ក្រុងបង់របបមេប្រចាំខែ (លោក ឈួន សោភា) ចំនួន១លានរៀលក្នុងរថយន្តមួយគ្រឿងថែមទៀត។

ពេលម្ចាស់រថយន្តក្រុងខ្លះត្អូញត្អែរ សុំបញ្ចុះតម្លៃបង់ក្បាលរថយន្ត ដោយសាររកស៊ីដឹកជញ្ជូនមិនចំណេញ ពួកគាត់ឆ្លើយតបថាបើរកស៊ីកើតរកស៊ី បើរកស៊ីមិនកើតឈប់រកស៊ីទៅគ្មានអ្នកណាបង្ខំទេ ព្រោះពួកគាត់ជាគយ «ឯកឧត្តមអគ្គ» ដាក់មកមិនមែនចេះតែមកឈរជើងបានស្រួលៗនោះទេ។

បច្ចុប្បន្នយ៉ាងហោចណាស់ក៏មានរថយន្តក្រុងដឹកអ្នកដំណើរ និងឆ្លៀតដឹកទំនិញលាយជាមួយរត់ពីភ្នំពេញទៅប៉ោយប៉ែតខ្ទង់១០ក្រុមហ៊ុនដែរ ហើយក្នុងមួយក្រុមហ៊ុនមានរថយន្តរត់ពី២ទៅ៣គ្រឿង ដែលសរុបទាំងអស់ក្នុង១ខែ មានរថយន្តរត់ជិត៣០គ្រឿងឯណោះ។

អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកឈួន សោភា នៅឡើយទេ នារសៀលថ្ងៃនេះ ដោយទំនាក់ទំនង តាមប្រព័ន្ធតេលេក្រាម មិនទាន់ឆ្លើយតប។

ដោយឡែកលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ អង្គភាពសៀមរាបប៉ុស្ដិ៍ បានទាក់ទង តាមតេលេក្រាម ដើម្បីសុំការបំភ្លឺជុំវិញ ការកោះហៅលោកឈួន សោភា មកបំភ្លឺនោះដែរ តែមិនទាន់ឆ្លើយតបនៅឡើយ។

ទោះយ៉ាងណា គេសង្ឃឹមថាថ្នាក់ដឹកនាំស្ថាប័នគយ និងមានការផ្លាស់ប្ដូរ លោកឈួន សោភា ចេញពីជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ជាក់ជាមិនខានឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,747 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,764 នាក់