ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយ ឈួន សោភា មិនអាចបិទបាំង រឿងអាស្រូវ របស់ខ្លួនបានទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:35 ល្ងាច អ្នកអាន 362

ភ្នំពេញ៖គេសង្កេតឃើញរថយន្តធំៗផ្ទុកទំនិញ រាប់សិបគ្រឿង មកពីប៉ោយប៉ែត បានឈប់នៅមុខស្នាក់ការរបស់លោកឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅត្រង់ចំណុចតាមផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ដើម្បីចូលទៅបង់លុយឲ្យមន្ត្រីគយប្រចាំការនៅទីនោះឬអាចបង្ហាញវិក័យបត្រ ដោយរថយន្តទាំងនោះ អាចជាទំនិញ គេចពន្ធឬបង់ពន្ធមិនគ្រប់។ រថយន្តដឹកទំនិញទាំងនោះ ត្រូវបានគេទម្លាយថា គយ បានឃុបឃិតគ្នា ឲ្យឈ្មួញដឹកតាមអំពើចិត្ត ជាថ្នូរទៅផលប្រយោជន៍ អាចតាមរបៀបពុកលួយ។

ប្រភពបានឲ្យដឹងថា ទង្វើមិនប្រក្រតីរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គឺជារឿងដែលមិនអាចបិទបាំងតទៅទៀតបានឡើយ។ ប្រភពបានឲ្យដឹងទៀតថា រឿងអាស្រូវរបស់លោក ឈួន សោភា ត្រូវបានក្រុមហ៊ុន ក្រុមឈ្មួញ និងក្រុមអាជីវករ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខាងបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់ហើយនៅទីបំផុតលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ការលើលោក ឈួន សោភា តាមទង្វើជាក់ស្ដែងរបស់បុគ្គលនេះ។

ប្រភពបន្តថាថា កន្លងមកលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រើអំណាចគាបយកលុយពីក្រុមហ៊ុន ក្រុមឈ្មួញ និងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញពីច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ស្រេចតែអំពើចិត្ត។ ស្នាក់ការលោក ឈួន សោភា ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ គឺជាកន្លែងដែលលោក ឈួន សោភា ធ្វើសកម្មភាពគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីវករស្រេចតែអំពើចិត្តរបស់ខ្លួន។ ដូច្នេះហើយទើបកាលពីថ្ងៃទី០២ ខែឧសភា កន្លងទៅថ្មីៗនេះលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានចេញលិខិតកោះហៅលោក ឈួន សោភា អត្តលេខ៤៣៦ មានតួនាទីជាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឲ្យចូលមកបំភ្លឺនៅនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ដែលមានទីតាំងនៅអគារវឌ្ឍនៈកាពីតាល នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។

ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា កន្លងមកដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ហ៊ានប្រើអំណាច យ៉ាងពេញទំហឹងដោយគ្មានញញើតអ្វីទាំងអស់។ ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្នាក់ការគយចល័តជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបង់លុយតាមការកំណត់របស់លោក ឈួន សោភា មិនអាចគេចវេះបានឡើយ។ ដូច្នេះហើយទើបឈ្មួញនិងក្រុមអាជីវករបានបើកកកាយរឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ដែលជាមេគយធំ បានដឹងឮនិងចាត់វិធានការទប់ស្កាត់របស់លោក ឈួន សោភា ខ្លះផង។

ក្នុងខណៈដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទៅលើលោក ឈួន សោភា កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ គឺមជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវរបស់លោក ឈួន សោភា ឲ្យបានស៊ីជម្រៅផងដែរ។

ដោយហេតុថា កន្លងមកលោក ឈួន សោភា ប្រើអំណាចយ៉ាងខ្លាំងក្លាដោយគ្មានញញើតអ្វីទាំងអស់ ព្រោះសូម្បីតែរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរហើយមានដាក់ទំនិញខ្លះផងនោះ ក៏ត្រូវលោក ឈួន សោភា តម្រូវឲ្យបង់លុយផងដែរ។

ឥឡូវនេះរឿងអាស្រូវរបស់លោក ឈួន សោភា មិនអាចបិទបាំងតទៅទៀតបានឡើយ ហើយសង្ឃឹមថា លោក គុណ ញឹម ដែលជាមេគយធំ មិនបណ្ដែតបណ្ដោយឲ្យលោក ឈួន សោភា ប្រព្រឹត្តស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀតនោះឡើយ។

ជុំវិញភាពមិនប្រក្រតីនេះ អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានទំនាក់ទំនង ជាមួយលោកឈួន សោភា តាមប្រព័ន្ធតេលេក្រាម ដើម្បីសុំការបកស្រាយបំភ្លឺដែរ ប៉ុន្តែលោកមិនទាន់ឆ្លើយតបនៅឡើយ។SR

(រូបថត ថតដោយសៀមរាបប៉ុស្ដិ៍ នៅព្រលប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ នៅមុខស្នាក់ការរបស់លោកឈួន សោភា នៅត្រង់ចំណុចតាមផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ)

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 78,574 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,857,412 នាក់