ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន និងភរិយា អញ្ជើញជាវត្តមាន អបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:31 ព្រឹក អ្នកអាន 391

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”។

ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាហើយនោះ ក៏មានការអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ពិធីនេះ មានការចូលរួមពីវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណជាង៤ពាន់នាក់។ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

តាមរបាយការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៣៩,១១៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ១០៣,៣៣២គ្រួសារ នឹងងាយរងគ្រោះបំផុតចំនួន ៥៤,៣៣៨គ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលសេវាកម្មមនុស្សធម៌ផ្សេងទៀតជាង ១០ម៉ឺនគ្រួសារ។ លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយកូនច្រើនបានចំនួន ១៦៧ខ្នងផ្ទះ, ផ្តល់អណ្តូងទឹកស្អាត ១៣៩អណ្ដូង, បង្គន់អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹកចល័តចំនួន៤, ផ្តល់ទូកសហគមន៍ចំនួន៤ និងផ្តល់រទេះរុញដល់ជនពិការ ចំនួន៥៥០គ្រឿង។ ថវិកាសប្បុរសធម៌នេះក្រៅពីជួយដល់ជនរងគ្រោះបណ្តាលមកពីគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗនោះកាកបាទក្រហមកម្ពុជាបានយកថវិកាប្រមាណ ១លានដុល្លារ ក្នុង១ឆ្នាំឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផាផងចាប់តាំងពីឆ្នាំ២០១២មក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬ តំបន់ឆ្ងាយដាច់ស្រយាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនាពេលកន្លងមកនៅតាមបណ្តាលខេត្តនានា។

ទន្ទឹមនឹងនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៍ ដែលជាវប្បធម៍ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,531 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,494 នាក់