ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ស្នើប្ដូរតំណែង អភិបាលខេត្ដបន្ទាយមានជ័យ លោក សួន បវរ ចេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:41 ព្រឹក អ្នកអាន 3530

ភ្នំពេញ៖នៅទីបំផុត អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ។

នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នៅថ្ងៃនេះសម្ដេច ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយសូមគោរពសុំតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

ជាការកត់សម្គាល់ ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា។

សូមរំលឹកថាចៅហ្វាយខេត្ត៣រូប ដែលល្បីរឿងអាស្រូវមានប្រពន្ធចុងឬស្រីស្នេហ៍ ក្រោយមកត្រូវបានអស់តំណែងជាចៅហ្វាយខេត្ត។ ក្នុងនោះចៅហ្វាយខេត្តឧត្តរមានជ័យ ចៅហ្វាយខេត្តតាកែវ និងពេលនេះ ចៅហ្វាយខេត្តបន្ទាយមានជ័យ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,101 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,437,064 នាក់