ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ចាម គ្រោងធ្វើផ្លូវ ចាក់កៅស៊ូប្រភេទ DBST ២ជាន់៣ខ្សែ ប្រវែង៤៥គីឡូម៉ែត្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:31 ល្ងាច អ្នកអាន 624

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងស្ថាបនាផ្លូវចំនួន៣ខ្សែ មានប្រវែងសរុបប្រមាណជា៤៥គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ចាម។ នៅរសៀលថ្ងៃទី៨ ខែឧសភាម្សិលមិញ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន អមំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសិក្សាលទ្ធភាពផ្លូវគ្រួសក្រហម ចំនួន៣ខ្សែខាងលើ ដើម្បីឈានទៅស្ថាបនាជាផ្លូវកៅស៊ូ ប្រភេទ DBSTទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក គួច ចំរើន បានបញ្ជាក់ថា ការចុះពិនិត្យ និងសិក្សាលទ្ធភាពផ្លូវទាំង៣ខ្សែខាងលើនេះ ដើម្បីបានឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ន។ ពីព្រោះថា មកដល់ពេលនេះ ប្រជាពលរដ្ឋនៅទីជនបទ កាន់តែស៊ីវិល័យ លែងត្រូវការផ្លូវដី និងផ្លូវគ្រួសក្រហម ដូចពេលមុនៗទៀតហើយ ពោលគឺម្នាក់ៗ ចង់បានតែផ្លូវប្រភេទបេតុង និងក្រាលកៅស៊ូ ព្រោះវាមិនមានសភាពហុយ និងភក់ នៅពេលធ្វើដំណើរ។ ដូច្នេះហើយ ក្នុងនាមអាជ្ញាធរ គឺត្រូវតែលើកគម្រោងឲ្យត្រូវតាមសេចក្តីអ្នកប្រើប្រាស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងកៀងគរថវិកា ដើម្បីកែលម្អផ្លូវ ពីផ្លូវដី ឬផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវបេតុង និងក្រាលកៅស៊ូវិញ ធ្វើយ៉ាងណា បានបំពេញតាមសេចក្ដីត្រូវការ របស់ពួកគាត់ផង និងសម្រាប់ប្រើប្រាស់បានយូរអង្វែងផង។

លោកអភិបាល លើកឡើងដែរថា ទាក់ទងទៅនឹងការស្ថាបនាផ្លូវនេះដែរ ថ្វីត្បិតតែសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានតម្រូវការច្រើន ក៏ប៉ុន្តែថវិកាអភិវឌ្ឍវិញ នៅមានកម្រិតនៅឡើយ។ អញ្ចឹងទេ សូមឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានផ្សេងៗ ដែលមិនទាន់បានទទួលគម្រោងមានការយោគយល់អធ្យាស្រ័យ តែទោះជាយ៉ាងណា អាជ្ញាធរ និងអង្គភាពជំនាញ ក៏ដូចជា ក្រុមការងារចុះជួយមូលដ្ឋាន នៅតែព្យាយាមខំប្រឹងប្រែង ក្នុងការលើកជាគម្រោងអភិវឌ្ឍផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្ដែង ពោលគឺស៊ូឲ្យបានយឺត វាប្រសើរជាង មិនទទួលបាន។

ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តកំពង់ចាម លោក អ៊ឹង វិសុទ្ធ បានឲ្យដឹងថា ផ្លូវទាំង៣ខ្សែនេះ រួមមាន៖ ខ្សែទី១. តភ្ជាប់ពីចំណុចឃុំសណ្តែក នៃស្រុកបាធាយ ដោយឆ្លងកាត់ឃុំស្តើងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ នៃស្រុកជើងព្រៃ មានប្រវែង២៣គីឡូម៉ែត្រ។ ខ្សែទី២.តភ្ជាប់ពីចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ឆ្ពោះទៅកាន់ឃុំបឹងណាយ ស្រុកព្រៃឈរ មានប្រវែង៨,៥០គីឡូម៉ែត្រ។ និងខ្សែទី៣. តភ្ជាប់ពីឃុំក្រូច ឆ្ពោះទៅកាន់ឃុំថ្មពូន និងឃុំគរ ស្រុកព្រៃឈរ មានប្រវែង១៣គីឡូម៉ែត្រ។

គួបញ្ជាក់ដែរថា តាមការសិក្សាលទ្ធភាពផ្លូវទាំង៣ខ្សែខាងលើ គឺគ្រោងនឹងត្រូវកែប្រែពីផ្លូវក្រាលគ្រួសក្រហម ទៅជាកៅស៊ូប្រភេទ DBST ពីរជាន់។ គម្រោងនេះ ជាការកែលម្អផ្លូវជនបទជំហាន៣ របស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា អេឌីបី (ADB) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,092 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,437,055 នាក់