ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត ផ្សារលើធំថ្មី អាចលែងមាន កកស្ទះចរាចរណ៍ ទៀតហើយ!

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:20 ល្ងាច អ្នកអាន 7708

ខេត្តសៀមរាប៖ករណីមតិប្រជាពលរដ្ឋ តែងតែធ្វើការរិះគន់ថាមុខផ្សារលើធំថ្មី រមែងកកស្ទះចរាចរណ៍ជាញឹកញាប់ នោះ អាចលែងមានការកកស្ទះទៀតហើយ។ ដោយនៅពេលខាងមុខនេះ អាជ្ញាធរសៀមរាប អាចនឹងកែលម្អឡើងវិញ។

លោក ម៉េង ទ្រី អភិបាលរងក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មាន ក្នុងស្រុកមួយថា ជុំវិញបញ្ហាខាងលើនេះ គឺខាងសាលាក្រុង កំពុងរៀបចំសាជាថ្មី ដោយមានការគូរប្លង់រួចរាល់អស់ហើយ ព្រមទាំងរៀបចំឯកសារទៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថុ នៃការដេញថ្លៃការសាងសង់ ចំណតមុខផ្សារលើធំថ្មី សារជាថ្មី និងប្រកាសក្នុងពេលឆាប់ៗខាងមុខហើយ។ ការប្រកាសនោះខាងសាលាខេត្តសៀមរាប ជាអ្នកប្រកាស ដើម្បីឱ្យក្រុមហ៊ុនណាដែលហ៊ានដេញថ្លៃទទួលយកការសាងសង់ចំណតនេះ។

ដោយឡែក ចំពោះការកក់ស្ទះចរាចរណ៍រាល់ថ្ងៃ ខាងសាលាក្រុង និងចាត់វិធានការ ជាបណ្តើរៗក្នុងការជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីរដ្ឋបាលសាលាខេត្តសៀមរាប នៅឡើយទេ ជុំវិញករណីខាងលើនេះ។
តាមរយះទូរសព្ទជាមួយបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ លោកហ៊ុប ថៃ ម្ចាស់ភាស៊ីផ្សារលើធំថ្មី បានប្រាប់នៅល្ងាចថ្ងៃនេះថា លោករីករាយ និងយល់ស្របជាមួយអាជ្ញាធរ ជំនាញក្នុងការរៀបចំនៅមុខផ្សារលើធំថ្មី ។ លោកហ៊ុប ថៃ បន្តថា តាមលោកដឹងគឺអាជ្ញាធរគ្រោងនឹងរុះរើការ៉ូឡាមុខផ្សាលើធំថ្មី ទាំងអស់ ដើម្បីឲ្យចំណតឡាន។

គួបញ្ជាក់ថាករណីមុខផ្សារលើធំថ្មី នេះ មានរថយន្ត ម៉ូតូ ម៉ូតូកង់បី បានចតលើផ្លូវយ៉ាងអនាធិបតេយ្យបំផុត បណ្ដាលឲ្យមានការកកស្ទះសឹងរាល់ថ្ងៃ។ បើតាមលោកហ៊ុប ថៃ បញ្ជាក់ថាថ្លៃភាស៊ី យកពីរថយន្តចតមុខផ្សារនោះ បានតិចតួចណាស់ ចំណែកកង់បីវិញ មិនបានយកឡើយនោះទេ។
ចំពោះគម្រោងរុះរើរៀបចំមុខផ្សារលើធំថ្មី នេះ ប្រជាពលរដ្ឋ សង្ឃឹមថានិងអាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ជាក់ជាមិនខាន។ ហើយទៀតសោតពួកគាត់គាំទ្រនូវការរៀបចំនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,990 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,267 នាក់