ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកគៀត ច័ន្ទថារិទ្ធ ព្រមានមេប៉ូលិស ច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:33 ព្រឹក អ្នកអាន 1202

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី ខូង ទីន អត្តលេខ ០៥១៨២ ដែលបុគ្គលល្បីល្បាញរឿងអាស្រូវ ជុំវិញការដឹកនាំអង្គភាពប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ តាមរយះមន្ត្រីរបស់ខ្លួនយកលុយពីប្រជាពលរដ្ឋ លើសពីគោលការណ៍ របស់ថ្នាក់លើនោះ ត្រូវបាន លោកគៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដាក់ពិន័យនិងព្រមានជាលើកទីមួយ។

ការដាក់ពិន័យនិងព្រមានបែបនេះ បន្ទាប់ពីទទួលព័ត៌មានមួយចំនួនបានចុះផ្សាយពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ។
ដូច្នេះទើបនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានចាត់ក្រុមការងារមួយក្រុមដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯកជា ធា អគ្គនាយករងអន្តោប្រវេសន៍ ដើម្បីចុះត្រួតពិនិត្យស្រាវជ្រាវពាក់ព័ន្ធនឹងព័ត៌មាននេះ។

បន្ទាប់ពីបានចុះត្រួតពិនិត្យស្រាវជ្រាវរួចមក តាមរយៈការបំភ្លឺ និងការពិនិត្យឃើញថា ជុំវិញព័ត៌មានអំពីការទារប្រាក់ ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ គឺពិតជាមានការឲ្យលុយ ៥,០០០រៀល ឫ ១០,០០០រៀល ដល់នគរបាលនៅទីនោះពិតមែន ក៏ប៉ុន្តែមិនជាការទាមទារទេ គឺអាស្រ័យដោយប្រជាពលរដ្ឋ មួយចំនួនច្រើនជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋមួយចំនួន លោកមិនចេះបំពេញសាលកប័ត្រ ទើបពេលខ្លះមន្រ្តីនគរបាលអន្តោប្រវេសន៍ជួយបំពេញជូនពួកគាត់ ដើម្បីឲ្យបានទាន់ពេលវេលា។

ទទ្ទឹមនឹងនោះ ប្រជាពលរដ្ឋ មួយចំនួនក៏មានសណ្តានចិត្ត ជូនប្រាក់បន្តិចបន្តួច ខ្លះប្រាំពាន់រៀល ខ្លះទៀតមួយម៉ឺនរៀល ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ជួយបំពេញ។

ទោះជាយ៉ាងណា ក៏ក្រុមការងារបានរកឃើញ ភាពអសកម្មមួយចំនួន បណ្តាលមកពីការគ្រប់គ្រង របស់លោកខូង ទីន ជានាយប៉ុស្តិ៍ មានការធូររលុង មិនមានការយកចិត្តទុកដាក់ ដូចជា អវត្តមានច្រើន មិនសូវនៅជាប់លាប់ និងដឹកនាំបញ្ជាកម្លាំងជាប្រចាំ ដែលនៅគោលដៅឈរជើងរបស់ខ្លួន ។

នៅពេលអវត្តមាន លោកនាយប៉ុស្តិ៍ បានប្រគល់សិទ្ធិដឹកនាំការងារ ឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍ស្តីទី ដើម្បីដឹកនាំបញ្ជា និងដោះស្រាយបញ្ហាការងារនៅក្នុងអង្គភាព។ ពេលខ្លះលោកខូង ទីន នៅកន្លែង ក៏ប្រគល់ការងារឲ្យសិទ្ធិឲ្យ លោក ជា ព្រឿង ជានាយប៉ុស្តិ៍ស្តីទីដែរ ។

ក្នុងគោលបំណងកែលម្អរបញ្ហានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងចាត់វិធានការមួយចំនួន ក្នុងការទប់ស្កាត់ភាពអសកម្ម របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ក្នុងធ្វើដំណើរចេញ-ចូល ឲ្យមានភាពងាយស្រួល ជូនប្រជាពលរដ្ឋរួមមាន៖

១. សូមគោរពសុំគោលការណ៍ ដាក់ពិន័យលោកឧត្តមសេនីយ៍ត្រី ខូង ទីន អត្តលេខ ០៥១៨២ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយរូបភាព ព្រមានជាលើកទី១,

២.រៀបចំកែលម្អរបញ្ជរបែបបទចេញ-ចូល ឲ្យបានសមស្រប និងរៀបចំលំហូរអ្នកដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ កុំឲ្យមានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័សទាន់ពេល ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន,

៣.ពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និងអកប្បកិរិយា បំពេញការងាររបស់មន្រ្តី តាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងធ្វើការដាក់វិន័យយ៉ាងតឹងរឹងបំផុត ចំពោះមន្រ្តីណាដែលប្រព្រឹត្តខុសឆ្គង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,410 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,111 នាក់