ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទុះអាវុធ នៅស្រុកវ៉ារិន ខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:25 ល្ងាច អ្នកអាន 6677

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ ដោយសារត្រូវនឹងគ្រាប់កាំភ្លើង ពីជនមិនស្គាល់មុខ។ ជនរងឈ្មោះតោ ប៉ាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែន កណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះខាងលើ និងកូនមានគ្នាចំនួន៤នាក់ បានបើកគោយន្តកន្រៃ្ទចំនួន ១គ្រឿងចេញពីផ្ទះរបស់ខ្លួននៅភូមិគោកភ្នំ ដើម្បីទៅដឹកទឹក យកទៅលាយថ្នាំបាញ់ដំឡូងនៅឯចំការ ពេលមកដល់ដោយទឹកអូរមួយ ពុំសូវមានទឹកក៏នាំគ្នាបិតប្រណឹតបាចយកត្រី។ រហូតដល់វេលាម៉ោង ១៤និង៣០នាទីរសៀល ខណៈពេលដែលជនរងគ្រោះកំពុងឈរមើលកូនៗបាចទឹក ស្រាប់តែឮសូរកាំគ្រាប់ មិនដឹងជាបាញ់ ចេញមកពីទិសខាងណានោះទេ មកត្រូវជនរងគ្រោះ ត្រង់ស្មាខាងឆ្វេងលើស្លាបប្រជៀវធ្លុះទៅក្រោយបណ្តាលឲ្យ រងរបួសធ្ងន់។ ក្រោយកើតហេតុត្រូវបានដឹងជញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៧និង៣០នាទីថ្ងៃដដែល ទើបកំលាំងសមត្ថកិច្ចទទួលបានព័ត៌មានអំពីករណីនេះ ។

លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត បន្តថា- ចំណុចទីកន្លែងកើតហេតុ ស្ថិតនៅមាត់អូរ ជាកន្លែងមួយដែលជាភូមិសាស្ត្រ ស្មុកស្មាញ ពិបាកក្នុងការកំណត់ ថាតើ គ្រាប់កំភ្លើងនោះ ត្រូវបានបាញ់ ចេញមកពីចំណុចណា ព្រោះជុំវិញទីនោះ ហុំព័ទ្ធទៅដោយកំពតព្រៃ រីឯនៅលើដីមានស្មៅដុះ និងដើមស្បូវខ្ពស់ៗកា្រស់ៗជាច្រើន។

លោកស្នងការរង បន្តទៀតថា- តាមការបំភ្លឺរបស់ឈ្មោះ ប៉ាក់ គង់ ភេទប្រុសអាយុ១៩ឆ្នាំ ជាកូនបង្កើតជនរងគ្រោះ និងជាសក្សីដែលមានវត្តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុខ្លួនក៏មានវត្តមាននៅកន្លែងកើតហេតុដែរ តែមិនដឹងថាគ្រាប់ដែលត្រូវឪពុកខ្លួនគឺនរណាជាអ្នកបាញ់នោះទេ ម្យ៉ាងវិញទៀតឪពុកខ្លួនក៏ពុំដែលមានទំនាស់ជាមួយជនណានោះដែរ ហើយជាធម្មតាឪពុកខ្លួនតែងតែនៅចំការជិតកន្លែងកើតហេតុតែម្នាក់ឯង ជាញឹកញាប់។

ជនរងគ្រោះបានឲ្យដឹថា ជាធម្មតារូបគាត់តែងតែនៅចាំចំការតែម្នាក់ឯង មិនដែលឃើញមានស្អីកើតឡើងនោះទេ។ ទាំងរូបគាត់ និងអ្នកដែលមានវត្តមាននៅកន្លែកកើតហេតុសុទ្ធតែមិនដឹងថានរណាជាអ្នកបាញ់នោះទេ ម្យ៉ាងវិញទៀតរូបគាត់ និងក្រុមគ្រួសារ ពុំដែលមានទំនាស់ ជាមួយបុគ្គលណាពីមុនមកទេ ហើយករណីនេះរូបគាត់ផ្ទាល់ខ្លួនគិតថា ពុំមែនជាករណីប៉ុនប៉ងសម្លាប់គាត់នោះដែរ។ ហើយតាមស្នូរកាំភ្លើងផ្ទុះ អាចជាកាំភ្លើងកែឆ្នៃ។

ករណីនេះសមត្ថកិច្ចអាចសន្និដ្ឋានជាបឋម គឺពុំមានបទល្មើសអំពើមនុស្សឃាតនោះទេ អាចជាអ្នកដើរបាញ់សត្វ បាញ់មកត្រូវ ដោយមិនដឹងថាត្រូវមនុស្សផង ឬ បាញ់មកដឹងថាត្រូវគេក៏គេចខ្លួនតែម្តង។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចបន្តការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តិឲ្យឃើញ ដើម្បីលាតត្រដាងការពិតក្នុងរឿងខាងលើនេះ។គួបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ ដងអូរមួយស្ថិតក្នុងភូមិសាស្ត្រភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,459 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,422 នាក់