ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សត្វស្លាបជាង៣០០ប្រភេទ នៅបឹងពារាំង កំពុងទាក់ទាញ ភ្ញៀវទេសចរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 1304

ខេត្តសៀមរាប៖បឹងពារាំងកំពុងក្លាយជាតំបន់គោលដៅសម្រាប់ភ្ញៀវទេសចរ មួយនៅលើទឹកដីខេត្តសៀមរាប ។ ដោយសព្វថ្ងៃមានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ដែលបានមកដល់ទឹកដីខេត្តសៀមរាប បន្ទាប់ពីទស្សនាប្រាសាទនានា។

បឹងពារាំង  ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និង ជាជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាង៣០០ប្រភេទរស់នៅបង្កើតបាននូវភាពទាក់ទាញចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 

បឹងពារាំង ជាមួយនឹងចរន្តទឹកបឹងទន្លេសាប  មានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាប  រស់នៅរកចំណីបង្កើតបានជា  ផ្ទាំងទស្សនីយភាពដ៏ប្រណីត ។

តំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងនៅខេត្តសៀមរាបមានការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងខ្លាំង ដែលមានមនុស្សម្នាទៅទស្សនា ជារៀងរាល់ថ្ងៃ ។

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប ប្រមាណជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រាវ ជាប់ព្រំប្រទល់សង្កាត់សៀមរាបនិងសង្កាត់ចុងឃ្នៀស ក្នុងក្រុងសៀមរាបខេត្តសៀមរាប ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឱ្យដឹងថា ក្រៅពីសកម្មភាព ទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និង ការពារហ្វូងសត្វស្លាបទឹកក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។

បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធនធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និង ជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លំាងពីសហគមន៍។ 

លោកវ៉នសម្បូរ ដែរជាអ្នកថតរូបសត្វនៅតំបន់បឹងពារាំងនេះបានអោយដឹងថា បញ្ចុប្បន្ននេះ  មានសត្វស្លាបជាង៣០០ប្រភេទ ដូចជា៖ រនាល ស  / រនាលពណ៌ / ត្រដកតូច / ទុងប្រផេះ / ទាកាប៉ាព្រៃ / ទាកាបព្រៃ / ប្រវឹក / ត្រយ៉ងខ្លួន ស / ស្មោញ / អកត្រីក្បាលប្រផេះ / ប៉ាក់ខ្ទាវ / ក្អែកទឹកមធ្យម / ក្អែកទឹកតូច /កុកគ្រោងមធ្យម / កុកគ្រោងតូច / ក្រសាប្រផេះ / ក្រសាក្រហម / ខ្វែកប្រផេះ / ខ្វែកគុំនូរ /ខ្វែកត្រោក / ខ្វែកកន្ទុយខ្វែវ / ចង្កៀលខ្យង / ចចាតក្រឹម / រនាលកក / កដប ខ្មៅ  ស / ពពុះទឹក / ត្រដៀវក្បាលបែតង / ប្រហុីតខ្មៅ / ប្រហុីត ស / ទោម / ប្រវឹក / ត្រសេះក្បាលក្រហម / ត្រសេះខ្លូនត្នោត ។ល។ SR

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,388 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,798,942 នាក់