ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រោយមានប្រតិកម្ម ពី សម្ដេច ហ៊ុន សែន សមត្ថកិច្ចចាប់ខ្លួន ប្រធានក្រុមហ៊ុន GCG Asia ២នាក់ប្តីប្រពន្ធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:25 ព្រឹក អ្នកអាន 2467

ភ្នំពេញ៖នៅព្រឹកមិញនេះកម្លាំងនគរបាល បានចាប់ឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ ប្តីប្រពន្ធជាជនជាតិម៉ាឡេស៊ី យកទៅសាកសួរ ជុំវិញ ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់។

ប្រតិបត្តិការនេះក្រោយពីមានប្រតិកម្មភ្លាមៗ ពីមេដឹកនាំកម្ពុជា សម្ដេច ហ៊ុន សែន ដែលបានបង្ហោះសារតាមទំព័រផេកហ្វេសប៊ុកកាលពីយប់មិញ។

តាមប្រភពបានឲ្យដឹងថាសមត្ថកិច្ច និងមន្រ្តីធនាគារជាតិ ចុះទៅបិទជាបណ្ដោះអាសន្នក្រុមហ៊ុន GCG Asia Co., LTD នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នេះបើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ឥឡូវកម្លាំងរបស់យើង សហការជាមួយមន្រ្តីធនាគារជាតិ បានចុះឆែកឆេរ និងបានបិទអាជីវកម្មជាបណ្តោះអាសន្ន រួមទាំងឃាត់ខ្លួនប្រធានក្រុមហ៊ុន ទាំង២នាក់ប្តីប្រពន្ធជនជាតិម៉ាឡេស៊ី យកទៅសួរនាំចាត់ការបន្តទៀត»។
បើតាមមន្រ្តីនគរបាលរូបនេះ ក្រុមហ៊ុនខាងលើអាចជាប់ព័ន្ធការលាងលុយកង្វក់ និងឆបោកលុយពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត តែយ៉ាងណានោះរង់ចាំការសួរនាំបន្តទៀត។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកមិញថា កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចចុងក្រោយ ឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។

គួបញ្ជាក់ថា កាលពីយប់មិញ សម្តេច ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយ ត្រូវបានដាក់ចូលក្នុង Black List»៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,640 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,278 នាក់