ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត តុលាការ ចេញដីកា បង្គាប់ឲ្យឃុំខ្លួន ប្រធានក្រុមហ៊ុន GCG ASIA

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:35 ល្ងាច អ្នកអាន 1105

ភ្នំពេញ៖នៅទីបំផុត លោក លាង សំណាត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ YAW FOO HOE ជាប្រធានក្រុមហ៊ុន GCG ASIA ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន បន្ទាប់ពីព្រះរាជអាជ្ញារងលោក តុប ឈុនឡុង បានចោទប្រកាន់ពីបទ «ប៉ុនប៉ងឆបោក» តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ។

គួបញ្ជាក់ថា ប្រធានក្រុមហ៊ុនខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយប្រពន្ធ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែបើតាមសមត្ថកិច្ចក្រោយពីសាសួរ ស្រ្តីជាប្រពន្ធដែលរងការចាប់ខ្លួនជាមួយប្តីនោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដោយសាររកមិនឃើញមានការជាប់ពាក់ព័ន្ធ នឹងបទល្មើសមួយនេះ។

ជុំវិញករណីនេះ អគ្គស្នងការនគរបាលជាតិលោកនេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមហ៊ុន GCG ASIA Co., LTD ជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។

លោកនេត សាវឿន បានបញ្ជាក់ផងដែរថា ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។

បើតាមនេត សាវឿន បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។

សូមរំលឹកថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេច ហ៊ុន សែន ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច មន្រ្តីធនាគារជាតិ និងមន្រ្តីគណៈកម្មការមូលបត្រកម្ពុជា ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,842 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,543 នាក់