ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ជារៀងរហូត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:03 ល្ងាច អ្នកអាន 389

ខេត្តកំពង់ចាម៖នៅក្នុងឱកាស«ទិវាជាតិនៃការចងចាំ២០ឧសភា ព្រឹកមិញនេះលោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ជារៀងរហូត។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅ មណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

អភិបាលខេត្តបន្តថាសព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិ ឲ្យ កាន់តែរីកចម្រើន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាព ឲ្យ បានគង់វង្សជារៀងរហូតតទៅ ។

គួររំលឹកថាទិវាចងចាំ២០ឧសភាកន្លងទៅត្រូវបានគេហៅថា«ទិវាចងកំហឹង»។ ទិវានេះត្រូវបានសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ ។

ថ្ងៃទី២០ខែឧសភាឆ្នាំ១៩៧៣គឺជាថ្ងៃកំណើតរបស់សហករណ៍នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ»ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី ១៤ ខែ កុម្ភៈឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ខែមេសា ឆ្នាំ ១៩៧៥ដល់ថ្ងៃទី៦ខែមករាឆ្នាំ១៩៧៩៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,736 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,374 នាក់