ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយរឿងអាស្រូវ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:11 ល្ងាច អ្នកអាន 596

ភ្នំពេញ៖ភាពមិនប្រក្រតីរបស់លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីរាជការនៅតាមមន្ទីរមួយចំនួនបានទម្លាយមកក្រៅឲ្យអ្នកសារព័ត៌មានបានដឹងនឹងធ្វើការចុះផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានដឹង។

នៅរសៀលថ្ងៃនេះ គេហទំព័រកាសែតក្នុងស្រុកមួយបានចេញផ្សាយពីរឿងអាស្រូវរបស់លោកបឹង គឹមសឹង ជុំវិញការដឹកនាំគ្រប់គ្រងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ដែលមានភាពល្បីល្បាញជាយូណាស់មកហើយ។

បើតាមព័ត៌មានដែលចេញផ្សាយបានឲ្យដឹងថាមន្ត្រីតាមមន្ទីរមួយចំនួននៅខេត្តបន្ទាយមានជ័យ នៅពេលដែលពួកគេរត់ការឯកសារដកប្រាក់ឬទូទាត់សាច់ប្រាក់ឆ្លងកាត់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ គឺត្រូវតែផ្ដល់លុយទឹកតែមួយផ្នែកឲ្យលោក បឹង គឹមសឹង គឺមិនតិចជាង៥ភាគរយ នៃប្រាក់ដែលស្នើសុំដក ឬត្រូវទូទាត់នោះឡើយ។

ប្រភពបានបន្តថា មុនពេលឯកសារ ត្រូវបានបញ្ជូនទៅដល់ដៃលោក បឹង គឹមសឹង គឺអ្នកកាន់ឯកសារត្រូវ ចេះចែកលុយ ឲ្យមន្ត្រីក្រោមឱវាទលោក បឹង គឹមសឹង តាមលំដាប់លំដោយពីតូចទៅធំអស់ទឹកប្រាក់មួយចំនួន ហើយចុងក្រោយ ត្រូវកាត់ភាគរយឲ្យលោក បឹង គឹមសឹង តាមការកំណត់។ ការដែលលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះ ទំនងដោយសារគាត់បានអាងខ្នង់បង្អែក ដ៏មានអំណាចម្នាក់ នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចាំជួយការពារ។

តាមប្រភពពីមន្ត្រីគណនេយ្យ តាមបណ្ដារមន្ទីរនានាក្នុងខេត្តបន្ទាយមានជ័យ បានទម្លាយថា ពួកគេប្រឈមនឹងការលំបាកយ៉ាងខ្លាំង នៅពេលត្រូវបើកលុយគម្រោងផ្សេងៗ ហើយត្រូវ ស៊ីញ៉េឆ្លងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ព្រោះលោក បឹង គឹមសឹង មានអំណាចធំធេង ក្នុងការទាមទាភាគរយ យកធ្វើមានធ្វើបានផ្ទាល់ខ្លួន ដោយមិនខ្វល់អ្វីទាំងអស់។

ព័ត៌មានដដែលបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះលោក បឹង គឹមសឹង ដែលអាចអាងមានខ្នងបង្អែករឹងមាំ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រព្រឹត្តទង្វើមិនប្រក្រតី តាមរយះទាប្រាក់ទឹកតែថ្លៃស៊ីញ៉េ ដោយគិតជាភាគរយពីការ បើកប្រាក់ឬការទូទាត់ប្រាក់សម្រាប់មន្ទីរនានា ដោយគ្មានការយោគយល់អ្វីទាំងអស់។

ដូច្នេះលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួតែបើកការស៊ើបអង្កេតទៅលើ ភាពមិនប្រក្រតីរបស់លោក បឹង គឹមសឹង ដែលកំពុងល្បីរឿងអាស្រូវ។

នាល្ងាចថ្ងៃនេះអង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,616 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,254 នាក់